សិល្បៈជាតិ៖ កញ្ញា ប៊ី សុធារី បានប្រកាសតាំងចិត្តយ៉ាងខ្ពស់ថា ខ្លួននឹងវិលមកប្រកួតសម្រស់នៅក្នុងឆ្នាំ ២០២៤ ដោយកញ្ញាមានចង់បន្តការលើកស្ទួយមុខមាត់ជាតិលើឆាកប្រកួតសម្រស់លំដាប់ពិភពលោក។ ការអះអាងនេះ បានធ្វើឱ្យអ្នកគាំទ្រទន្ទឹងចាំមើលថាកញ្ញា ប៊ី សុធារី នឹងធ្វើបានដល់កម្រិតណាទៀត បន្ទាប់ពីកញ្ញាធ្លាប់មានបទពិសោធន៍ចូលរួមប្រកួតដល់ទៅ ៨ ឆ្នាំមកហើយ។


កញ្ញា ប៊ី សុធារី បានរៀបរាប់នៅលើបណ្ដាញសង្គមទំនាក់ទំនងហ្វេសប៊ុកឱ្យមហាជនអ្នកគាំទ្របានជ្រាបថា ៖ «គិតត្រឹមឆ្នាំ 2016 មកដល់អីលូវនេះ វាមានរយៈពេល8 ឆ្នាំហើយ ដែលនាងខ្ញុំបានចូលក្នុងវិស័យ Beauty Pageant ថ្នាក់ពិភពលោក ។ បទពិសោធន៍ចូលរួមប្រកួតទាំងឆាកជាតិ និង អន្តរជាតិ វាបានផ្ដល់នូវមេរៀនជាច្រើនដល់ខ្ញុំ អោយខ្ញុំយល់ថា វិស័យនេះវាពិតជាសំខាន់ ព្រោះវាបានចូលរួមធ្វើអោយជាតិមានកិត្តិយស និង បានបង្ហាញអ្វីជាច្រើនពីវប្បធម៌ សិល្បះ ព្រមទាំងរឿងវិជ្ជមានជាច្រើនពីប្រទេសនិមួយៗ ទៅកាន់ពិភពលោក ។ ជាការពិត ខ្ញុំបានទទួលការស្រលាញ់ ឱកាសការងារ និងការជួយដល់សង្គមវិញក៏ព្រោះតែវិស័យនេះដូចគ្នា ថ្វីត្បិតតែខ្ញុំទទួលបានលទ្ធផលមិនល្អមួយចំនួនពីកម្មវិធីដែលខ្ញុំធ្លាប់ទៅក៏ដោយ ក៏ខ្ញុំមានអារម្មណ៍ពេញចិត្ត នូវរឿងរ៉ាវជាច្រើនដែលខ្ញុំធ្លាប់ឆ្លងកាត់ »។
កញ្ញាបន្តថា «មានសំនួរមួយចំនួន បានសួរមកខ្ញុំថា “ មានអារម្មណ៍យ៉ាងណា នៅពេលទទួលបានលទ្ធផលមិនល្អពីកម្មវិធីប្រកួតនៅលើឆាកអន្តរជាតិ ? “ ចម្លើយការពិត “ វាពិតជា ខកចិត្ត និង ខឹងខ្លួនឯង ដែលរឿងដែលខ្លួនឯងចង់ធ្វើអោយសម្រេច ដើម្បីរកកិត្តិយសជូនជាតិវាមិនបានដូចបំណង “ ។ ហើយមានគេសួរខ្ញុំថា” ធ្លាក់ច្រើនដងហើយ នៅហ៊ានទៅប្រកួតទៀតទេ ? “ ចម្លើយមានដូចគ្នា “ ឆ្នាំ 2024 នេះ សុំចូលរួមប្រកួតម្ដងទៀត “ ។ ព្រោះពេលនេះ ប៊ី សុធារី មានឆន្ទះ ខ្ពស់ និង មិនមែនជា ប៊ី សុធារី ដែលអ្នកគ្រប់គ្នាធ្លាប់ស្គាល់ពីមុនទៀតទេ ។ នាងខ្ញុំនឹងវិលត្រលប់មកវិញ ជាមួយនឹងគ្រប់យ៉ាងថ្មី ជាមួយមេរៀនដែលធ្លាប់ឆ្លងកាត់ ។ ពេលនេះនាងខ្ញុំសុំកំលាំងចិត្តពីប្រជាជនកម្ពុជាគ្រប់រូប និង ឱកាសពីគណះកម្មការ អោយនាងខ្ញុំប្រើកម្លាំង និង បទពិសោធន៍គ្រប់យ៉ាងដើម្បីសម្រេចគោលដៅរួមគ្នា ជាមួយកម្ពុជាយើង ។ កម្មវិធីលើកនេះ ជាកម្មវិធី ដែល ប៊ី សុធារី ត្រលប់មកវិញ ជាមួយរឿងថ្មីគ្រប់យ៉ាង និង ជាកម្មវិធីប្រកួតប្រជែងចុងក្រោយក្នុងវិស័យ Beauty Pageant ។ ដូច្នេះនាងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងនៅតែស្រលាញ់ និងបន្តគ្រាំទ្រដល់រូបនាងខ្ញុំ សូមអរគុណ »។





តាមរយៈការបង្ហោះដូចបានរៀបរាប់នេះ អ្នកគាំទ្រវិស័យបវរកញ្ញា ឬ Beauty Pageant ពិតជាចង់ឃើញកញ្ញា ប៊ី សុធារី សម្រេចបានគោលដៅដណ្ដើមមកុដពីឆាកអន្តរជាតិណាមួយយកមកជូនជាតិ ហើយអ្នកគាំទ្រនឹងរង់ចាំមើលថា តើកញ្ញា ប៊ី សុធារី ដាច់ចិត្តវិលមកចូលរួមប្រកួតវិញនៅក្នុងកម្មវិធីសម្រស់ណាមួយ?
គួររំលឹកថា កញ្ញា ប៊ី សុធារី គឺជាអតីតម្ចាស់មកុដ Miss Universe Cambodia 2017 ហើយក្រោយលាលែងពីតំណែងហើយនោះ កញ្ញាក៏បានងាកមកចាប់អារម្មណ៍តំណែងរបស់ Miss Charm និងមានឈ្មោះជាបេក្ខភាពតំណាងជាតិ ចេញទៅចូលរួមប្រកួតនៅក្នុងប្រទេសវៀតណាមផងដែរ៕

