ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចរថយន្ត១គ្រឿងបានសម្រេចដែលរថយន្តមានភ្ជាប់GPSត្រូវបានម្ចាស់ដេញតាមប្រផាប់ប្រភីង ជនសង្ស័យបានយករថយន្តប្លុងចោលនៅផ្លូវ ៤១០ស្ថិតក្នុងភូមិត្នោតជ្រំ៤ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចចុះគេចខ្លួនបាត់។
ជនរងគ្រោះ មាន ឈ្មោះ វត្តី ភេទ ស្រី អាយុ ៣៥ឆ្នាំ មុខរបរ លក់ បាយ ស្នាក់នៅ សង្កាត់ បឹងកក់ ២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។ ចំណែករថយន្តដែលជនសង្ស័យធ្វើសកម្មភាពលួច ម៉ាកស្តារិចពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ២BE-២១០៣ ម្ចាស់បានភ្ជាប់ប្រព័ន្ធGPS ។
ស្ត្រីជាម្ចាស់រថយន្តបានឲ្យដឹងថា មុនកើតហេតុ កាលវេលាម៉ោង៥និង០០នាទីទៀបភ្លឺថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២១នៅចំណុចផ្លូវ២៤៥ សង្កាត់ ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ រូបគាត់បានចតរថយន្តរួចចុះទៅទិញបន្លែហើយបានបើកទ្វាររថយន្តខាងក្រោយដាក់បន្លែនិងបានបិទវិញដើរសំដៅទៅខាងឆ្វេងរថយន្តដើម្បីបើកទ្វាររថយន្ត ស្រាប់តែទ្វារថយន្តជាប់សោរខណៈនោះក៏មិនដឹងថាជនសង្ស័យបានចូលក្នុងរថយន្តពីពេលណា ហើយបានបើករថយន្តយ៉ាងលឿនចេញពីកន្លែងកើតហេតុទៅបាត់ស្រមោល។
ភ្លាមៗគាត់បានហៅទូរស័ព្ទប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។ដោយរថយន្តមានភ្ជាប់ប្រព័ន្ធGPSបានឆែកឃើញបើកតាមផ្លូវ២៧១រហូតទៅឈប់នៅខាងក្រោយវត្តសន្សំកុសល សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យបាន១សន្ទុះក៏ជនសង្ស័យបន្តបើកទៅមុខទៀតយករថយន្តមកប្លុងទុកចោលនៅចំណុចខាងក្រោយរោងចក្រស៊ីឡាងហួរ ស្ថិតនៅភូមិត្នោតជ្រំ៤ សង្កាត់ បឹងទំពន់ទី២ ខណ្ឌមានជ័យ។
ភ្លាមៗនោះ គាត់បានប្ដឹងសមត្ថកិច្ចខណ្ឌមានជ័យជួយចុះកន្លែងកើតហេតុហើយសមត្ថកិច្ចបានចុះឃើញរថយន្តស្តារិចរបស់ខ្លួនពិតមែនតែចំពោះជនសង្ស័យរត់គេចខ្លួនបាត់ដោយបានចាក់សោទ្វារថយន្តត្រឹមត្រូវ ។
លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ ខណ្ឌមានជ័យបានបញ្ជាក់ថាកម្លាំងនគរបាលខណ្ឌ បានប្រគល់សំណុំរឿងទៅអធិការដ្ឋានខណ្ឌទួលគោកដើម្បីស្រាវជ្រាវរកជនសង្ស័យធ្វើសកម្មភាពលួចរថយន្តរបស់ស្រ្តីរងគ្រោះរូបនេះចាត់ការតាមនីតិវិធី៕


