ភ្នំពេញ៖«យុត្តិធម៌មួយដែលទន្ទឹងរង់ចាំយូរពេក ក្លាយជារឿងអយុត្តិធម៌រួចស្រេចទៅហើយ»នេះពុំទាន់គិតពីគុណភាពនៃការសម្រេចសេចក្តីផង។នេះជាអ្វីដែលលោកឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌បានលើកឡើងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃដាក់ចេញនូវយុទ្ធនាការចំនួនពីរ គឺយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌។

សន្និសីទកាសែតនៅទីស្តីការក្រសួងយុត្តិធម៌។
សម្រាប់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បើសិនជារឿងក្តីមួយត្រូវបានទុកចោលយូរពេកនោះនឹងក្លាយជារឿងរុំារ៉ៃ ប្រឈមការលំបាកក្នុងការដោះស្រាយរកយុត្តិធម៌។ ឯកឧត្តមរដ្ឋមន្រ្តីសង្កត់ធ្ងន់ថា តាមរយៈយុទ្ធនាការទាំងពីរខាងលើ នឹងក្លាយជាកាតាលីករជួយជំរុញពន្លឿនការកក់ស្ទះសំណុំរឿងនៅតុលាការបានមួយផ្នែកទៀត បន្ទាប់ពីក្រសួងធ្លាប់បានបើកយុទ្ធនាការដោះស្រាយសំណុំរឿងតាមតុលាការខេត្តក្រុងម្តងរួចមកហើយនោះ។ ការដែលហ៊ានអះអាងថា យុទ្ធនាការនេះអាចជួយសម្រួលសំណុំរឿងបានឆាប់រហ័សស្វែងរកយុត្តិធម៌បានលឿន ព្រោះយុទ្ធនាការនេះបានចាប់យកសំណុំរឿងទាំងរឿងក្តីព្រហ្មទណ្ឌ និងរដ្ឋប្បវេណី មកដោះស្រាយនិងសិក្សាពីបញ្ហាប្រឈមនានានិងមូលហេតុដែលតុលាការកន្លងយឺតយ៉ាវក្នុងការកាត់ក្តីសំណុំរឿង។
សូមជម្រាបជូនថា យុទ្ធនាការចំនួនពីរ ដែលលោកឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ ធ្វើបទបង្ហាញនៅក្នុងសន្និសីទសារព័ត៌មាននោះរួមមាន៖ ទី១៖យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងទី២៖ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
ការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការនេះ គឺជាយុទ្ធនាការ ជួយដោះស្រាយ រកយុត្តិធម៌ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអយុត្តិធម៌ ឬដោយការរំលោភបំពានដោយខុសច្បាប់នៅក្នុងសង្គម។ មួយទៀត គឺដើម្បីលើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវ នៅក្នុងការអនុវត្តច្បាប់ និងក្នុងចំណាត់ការរឿងក្តីដោយតុលាការ ប៉ុន្តែការកំណត់ថា «យុត្តិធម៌ ឬអយុត្តិធម៌» គឺមិនចំណុះទៅលើត្រឹម ការលើកឡើងរបស់ភាគីណាមួយឡើយ ប៉ុន្តែចំណុះលើអង្គហេតុ អង្គច្បាប់ និងភស្តុតាង ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ត្រួតពិនិត្យឲ្យបានដិតដល់។

លោកឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌។
ចំណែកយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការនេះ សំដៅដល់ការដោះស្រាយភាពមិនប្រក្រតីលើផ្នែកអភិបាលកិច្ច នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីនានា។ ក្នុងនោះផងដែរ គឺនឹងពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីលើចំណាត់ការ សំណុំរឿង និងក្នុងការសម្រេចសេចក្ដីរបស់តុលាការក្នុងសំណុំរឿងគ្រប់ប្រភេទ។
យុទ្ធនាការទាំងពីរ នឹងជួយលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ ជូនប្រជាជនប្រកប ដោយភាពឆាប់រហ័ស និងងាយស្រួល។ ពិសេសជួយដោះស្រាយរក លើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។
អ្វីជាពិសេសយុទ្ធនាការនេះ មានវិសាលភាពគ្របដណ្តប់ទៅលើរឿងក្ដីគ្រប់ប្រភេទទាំងអស់ ទាំងរឿងក្តីរដ្ឋប្បវេណី ទាំងរឿងក្ដីព្រហ្មទណ្ឌ ទាំងរឿងក្ដីពាណិជ្ជកម្ម និងរឿងក្ដីផ្សេងទៀត នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការ អមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់។យុទ្ធនាការនេះ មានរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃប្រកាសបើកយុទ្ធនាការ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ តទៅ៕
