អគ្គិភ័យឆាបឆេះវាលស្មៅយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលនិងការភ័យខ្លាច ភ្លើងរាលដល់រោងចក្រ។ ប៉ុន្តែត្រូវបានបងប្អូនកម្មកររោងចក្រ ទាំងប្រុសស្រីជាង១០០នាក់ ប្រដាប់ដោយធុងទឹក មែកឈើ ចេញអន្តរាគមន៍ ជះទឹក វាយពន្លត់ កាលពីវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅដីវាលមួយកន្លែង ក្នុងភូមិ កន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមសម្តីកម្មករដែលមានវត្តមានចូលរួមពន្លត់ភ្លើង បានឲ្យដឹងថា ខណៈដែលក្រុមកម្មករ របស់ខ្លួនកំពុងធ្វើការ ក្នុងរោងចក្រក្រដាស ស្រាប់តែមានផ្សែងហុយខ្មួលខ្មាញ់ ចូលក្នុង រោងចក្រនៅជាប់ដីវាលស្មៅទំនេរទុកចោល បង្កឲ្យផ្អើលកម្មករ ខ្លាចភ្លើងឆេះរាល ដល់រោងចក្រ ទើបថៅកែចិន សុំឲ្យកម្មករទូទាំងរោងចក្រ មានប្រុស ស្រី ប្រដាប់ដោយធុងទឹក មែកឈើ ចេញជះទឹក វាយពន្លត់ភ្លើង ។
ចំពោះមូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យកើតឡើងនោះ គេពុំទាន់ដឹងនៅឡើយ។
ជាការកត់សំគាល់ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនោះ រថយន្តពន្លត់អគ្គិភ័យពុំទាន់បានទៅ ដល់នោះឡើយ ដោយសារកម្មកររោងចក្រជាង១០០នាក់បានរួមគ្នាជួយពន្លត់បានទាន់វេលា មិនឲ្យភ្លើងឆេះរាលដល់រោងចក្របាន៕






អត្ថបទ៖តាតុងពោធិ៍សែនជ័យ
