ភ្នំពេញ ៖ យុវជនម្នាក់ និងយុវតីចំនួន៤នាក់ សរុបចំនួន៥នាក់ ក្រោយពីសមត្ថកិច្ចខណ្ឌកំបូលធ្វើការឃាត់ខ្លួន ក្នុងសំណុំរឿងហឹង្សាដោយចេតនា វាយទៅលើយុវតីសិស្សសាលាម្នាក់ ដែលប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវលំ វាលស្រែក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ រួចបញ្ជួនខ្លួនទៅតុលាកា ក្រោមការស៊ើបសួរពីលោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ រួចមក សម្រេចឃុំខ្លួនជនជាប់ចោទចំនួន២នាក់ ចំណែកយុវតីចំនួន៣នាក់ទៀត ត្រូវបានតុលាកាសម្រេចដោះលែងឱ្យនៅក្រៅឃុំ តែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាកា ។

ជនត្រូវបានឃុំខ្លួនមានចំនួន២នាក់ ៖ ទី១ ឈ្មោះ អាត សំណាង ហៅលីហ្សា ហៅឆើរី ភេទប្រុស តែចរឹកស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ផ្ទះលេខ៣៦ បុរីពិភពថ្មី៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល (ដីកាឃុំខ្លួនបណ្តោះអាសន្នលេខ ១៨៤ “ន” ដពស ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ )។ ទី២ ឈ្មោះ យាន រស្មី ហៅមុី ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ (ដីកាឃុំខ្លួនបណ្តោះអាសន្នលេខ ១៨៥ “ន” ដពស ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ )។ ជនដែលតុលាកាចោទទាំង២នាក់ ត្រូវបាន ឃុំខ្លួនជាបណ្តោះអាសន្ន នៅមណ្ឌលយុវនីតិសម្បទា (ព្រៃស)។

ចំណែកជន៣នាក់ទៀត ដែលត្រូវបានតុលាកាសម្រេចចដោះលែងឱ្យនៅនៅក្រៅឃុំ តែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាកា មានចំនួន៣នាក់ ៖ ទី១ ឈ្មោះ ហូយ ម៉ូលុច្យ ហៅហ្វាំង ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ ទី២ ឈ្មោះ គង់ សុីណា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។
ទី៣ ឈ្មោះ សំណាង ពិសី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រៃកី ខ សង្កាត់ពងទឹក ខណ្ឌដង្កោ ។

