ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអញ្ជើញចុះពិនិត្យពន្ធនាគារខេត្តកណ្ដាល ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល រួចបន្តដំណើរទៅសួរសុខទុក្ខមន្រ្តីព្រំដែន និងពិនិត្យស្ថានភាពច្រាំងទន្លេជាប់ព្រំដែនវៀតណាម នៅក្រុងសំពៅពូន ខេត្តកណ្ដាលផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះពិនិត្យពន្ធនាគារខេត្តកណ្ដាល។

ក្នុងការចុះពិនិត្យពន្ធនាគារខេត្តកណ្ដាល ឯកឧត្តមអភិសន្តិបណ្ឌិត  ស  សុខា បានពិនិត្យ និងសួរសុខទុក្ខមន្រ្តី ព្រមទាំងអ្នកជាប់ឃុំនៅអគារអ្នកទោសស្រ្តី អគារអ្នកទោសហាត់កីឡា និងអគារអ្នកទោសទូទៅ។ ក្នុងនោះផងដែរ ឯកឧត្តមបានពិនិត្យរោងធ្វើម្ហូបអាហារ អគារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បណ្ណាល័យ សួនបន្លែ កន្លែងពិនិត្យនិងព្យាបាលសុខភាព អគារអ្នកទោសឧក្រិដ្ឋកម្មសង្គ្រាម ដែលកំពុងឃុំខ្លួនលោក ខៀវ សំផន ផងដែរ។

ក្នុងឱ្យកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកទឹកចិត្តអ្នកជាប់ឃុំ ខិតខំថែរក្សាសុខភាព គោរពវិន័យ ដើម្បីមានឱកាសទទួលការស្នើបន្ធូរបន្ថយ និងលើកលែងទោស ព្រមទាំងប្រឹងប្រែងរៀននូវជំនាញវិជ្ជាជីវៈ ដើម្បីយកទៅប្រើប្រាស់ចិញ្ចឹមជីវិតក្រោយពីអនុវត្តទោស និងស្វែងយល់ពីទោសកំហុស ដើម្បីកែប្រែជីវិតជាប្រជាពលរដ្ឋល្អក្នុងគ្រួសារ និងសង្គមជាតិ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះពិនិត្យពន្ធនាគារខេត្តកណ្ដាល។

បន្ទាប់ពីបញ្ចប់ការចុះពិនិត្យពន្ធនាគារខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តម ស សុខា បានបន្តដំណើរពីក្រុងតាខ្មៅ ឆ្ពោះទៅកាន់ក្រុងសំពៅពូន ដើម្បីសួរសុខទុក្ខមន្រ្តីនគរបាលការពារព្រំដែន មន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិ និងពិនិត្យស្ថានភាពច្រាំងទន្លេ ជាប់ព្រំដែនប្រទេសវៀតណាម។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សួរសុខទុក្ខមន្រ្តីនគរបាលការពារព្រំដែន មន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិ។

ក្នុងបេសកកម្មនៅក្រុងសំពៅពូន ឯកឧត្តមអភិសន្តិបណ្ឌិត បានចូលសួរសុខទុក្ខមន្រ្តីនគរបាលការពារព្រំដែន នៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកព្រែកស្បូវ ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥។ បន្ទាប់ មកបន្តឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិជ្រៃធំ ដើម្បីសួរសុខទុក្ខមន្រ្តីដែលប្រចាំការនៅទីនោះ មុននឹងចូលទៅពិនិត្យស្ថានភាពច្រាំងទន្លេដែលនៅមិនឆ្ងាយប៉ុន្មានពីស្ពានជ្រៃធំ ស្ថិតក្នុងសង្កាត់សំពៅពូន ជាប់ព្រំដែនប្រទេសវៀត ណាមផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពិនិត្យដំណើរការស្ថាបនាច្រាំងទន្លេបាសាក់ដែលរងការបាក់ស្រុតដី។

បន្ទាប់មកទៀត ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ព្រមទាំងមន្រ្តីពាក់ព័ន្ធ បានបន្តដំណើរឆ្ពោះទៅកាន់ភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ដើម្បីពិនិត្យដំណើរការស្ថាបនាច្រាំងទន្លេបាសាក់ដែលរងការបាក់ស្រុតដីប្រវែងជាង១,២០០ម៉ែត្រ៕

Share.