ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តស្ទឹងត្រែងបានបើកប្រតិតបត្តិការបង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ដែលជនល្មើសបង្កប់ដឹកតាមគោយន្តកន្ត្រៃ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដោយរឹបអូសបានថ្នាំញៀនជិត ១៦០គីឡូក្រាម។

ជនសង្ស័យបានបង្កប់គ្រឿងញៀនដឹកតាមគោយន្តគេចពីក្រសែភ្នែកសមត្ថកិច្ច។

ការបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៣៖៤០នាទីទៀបភ្លឺ ដោយកម្លាំងជំនាញ (ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលខេត្តស្ទឹង បានធ្វើការបង្រ្កាបករណីជួញដូរ និងដឹកជញ្ជូនឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅអូរធំ ជាំតាលឺម ភូមិអអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបូរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

គ្រឿងញៀនដែលសមត្ថកិច្ចបង្រ្កាបបាន។

ជាលទ្ធផលនៃការបង្ក្រាបនេះ កម្លាំងជំនាញចាប់យកបាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់១៦០ដុំ ស្មើនឹងទម្ងន់ ១៥៩គីឡូក្រាម ៤៤៩.៨៦ ក្រាម, ទូរស័ព្ទ០១គ្រឿង និងគោយន្តកន្ត្រៃចំនួន ១គ្រឿង។ ចំណែកជនសង្ស័យចំនួន ២នាក់ បានរត់គេចខ្លួន។

ករណីនេះ កម្លាំងជំនាញកំពុងស្រាវជ្រាវ និងបន្តស្វែងរកជនសង្ស័យទាំង ២នាក់ ខណៈវត្ថុតាងដែលជាថ្នាំញៀនជិត ១៦០គីឡូក្រាម ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿង បញ្ជូនទៅតុលាការខេត្តស្ទឹងត្រែង៕

អត្ថបទ៖ចតុមុខ

Share.