កំពង់ចាម៖ សិប្បកម្មតម្បាញក្រមាពាក់កណ្តាលស្វ័យប្រវត្តិ ស្ថិតក្នុងភូមិព្រែក ឃុំមហាលាភ ស្រុកកោះសូិន ខេត្តកំពង់ចាម អាចផលិតម៉ូតក្រមាគ្រប់រចនាបទក្នុង១ថ្ងៃៗ ផលិតបានចំនួន២០០ក្រមា សម្រាប់ចែកចាយទីផ្សារក្នុងស្រុក ហើយវាក៏ជាមុខរបរអាចរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសារបានប្រសើរផងដែរ។

លោក គីម ស្រស់ ក្នុងវ័យ ៥៨ឆ្នាំ បានរៀបរាប់ឲ្យដឹងថា លោកបង្កើតសិប្បកម្មតម្បាញក្រមាស្វ័យប្រវត្តិនេះ ជិត១០ឆ្នាំហើយ ដោយលោកមានផលិតក្រមាជាប្រភេទសរសៃនីឡុង មានកីតម្បាញចំនួន៣០ ហើយអ្នកបច្ចេកទេសមានជាង១០នាក់ ជាកូនចៅអ្នកស្រុកនេះតែម្តង ដែរក្នុង១ថ្ងៃៗ សិប្បកម្មអាចផលិតក្រមាបានចំនួន ២០០ក្រមា គ្រប់ម៉ូត គ្រប់ពណ៌ តាមការស្រលាញ់របស់អតិថិជន និង តម្រូវការតាមទីផ្សារ។

លោកបានបន្តថា ក្រមាដែលលោកត្បាញនេះ គឺលក់បោះដុំ ក្រមា១តម្លៃ ៣៥០០រៀល ប៉ុន្តែបច្ចុប្បន្ននេះវាហាក់ដូចជាលក់មិនសូវដាច់ដូចមុននោះទេ ដោយសារតែពលរដ្ឋរកប្រាក់ចំណូលមិនសូវបាន។ លោកថាក្រមាយើងអាចប្រើប្រាស់បានច្រើនណាស់តាមសម្រូវការដូចជា សម្រាប់ស្លៀក បង់ក ជូតខ្លួនប្រាណ ឬច្នៃជាសម្លៀកបំពាក់ ឬអាចច្នៃតាមដែលយើងចង់បាន ហើយខេត្តដែរ ពលរដ្ឋស្គាល់ និងប្រើច្រើនជាងគេមានដូចជា ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារ។ល។

សិប្បកម្មតម្បាញក្រមាខាងលើ បានបញ្ជាក់ឱ្យដឹងទៀតថា សិប្បកម្មលោកមិនមានការពង្រីកបន្ថែមនោះទេ ព្រោះបច្ចុប្បន្ននេះ ក្រមាលក់មិនសូវដាច់ដូចមុនទេ តែក្រុមបច្ចេកទេសយើងផលិតរាល់ថ្ងៃទុកក្នុងស្តុក រង់ចាំទីផ្សារដើរយើងនឹងលក់ចេញបន្ត ។ ជាក់ស្តែងសិប្បកម្មបើកដំណើរការនេះ គឺផ្តល់ការងារជូនដល់បុគ្គលិករបស់យើងសម្រាប់ជាចំណូលដល់គ្រួសារផងដែរ។ ដោយនៅក្នុងឆ្នាំ២០២៣ លោកលក់បានដល់ទៅជាង១ម៉ឺន២ពាន់ក្រមាឯណ្ណោះ ប៉ូនែ្តឆ្នាំ២០២៤នេះក្រមាលក់មិនសូវដាច់នោះទេ។ ប៉ុន្តែវានៅតែអាចជួយរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសារលោកបានជាហូរហែរផងដែរ៕

អត្ថបទ៖ សាន វីឡែម

