ភ្នំពេញ៖ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤តទៅ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ដំណើរការសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋនិងពលករខ្មែរស្នាក់នៅនិងធ្វើការនៅសាធារណរដ្ឋកូរ៉េ ដែលការសម្រេចនេះធ្វើឡើងស្របតាមអនុវត្តតាមប្រសាសន៍របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៤ ស្តីពីសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ដែលអ្នកសារព័ត៌មានទើបទទួលបានក្នុងថ្ងៃនេះ។

សេចក្តីជូនដំណឹងបានណែនាំពីនីតិវិធី ពេលវេលា ទីតាំង និងព័ត៌មានសម្រាប់ការផ្តល់សេវាដូចខាងក្រោម៖

សម្រាប់ទីតាំងផ្តល់សេវានៅស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ មានអាសយដ្ឋាន – 55 Sejong Daero, Jung-gu, Seoul 04513 ឬតាមលេខទូរស័ព្ទTel. +82 2 3785 1041។

ចំណែកពេលវេលានៃការផ្តល់សេវាវិញ គឺចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (លើកលែងថ្ងៃសម្រាក ឬការកំណត់ ដោយឡែក) ពេលព្រឹកចាប់ពីម៉ោង ០៩:០០ – ១២:០០ និងរសៀលចាប់ពីម៉ោង ១៤:០០ – ១៧:០០។

រីឯបែបបទនៃការផ្តល់វិញចំពោះករណីពលរដ្ឋដែលមានអាយុចាប់ពី១៥ឆ្នាំឡើង ត្រូវមានឯកសារលិខិតឆ្លងដែនច្បាប់ដើម (ដែលផុតឬជិតផុតសុពលភាព) ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ឬឯកសារផ្សេងទៀត ដែលបញ្ជាក់អំពីសញ្ជាតិខ្មែរ និង សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅដែលចេញដោយស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស។

ចំពោះករណីទារក ឬកុមារដែលមានអាយុក្រោម១៥ឆ្នាំ ត្រូវមានឯកសារដូចចំណុច (ក) ខាងលើ ត្រូវភ្ជាប់បន្ថែមនូវឯកសារលិខិតអនុញ្ញាតជាលាយលក្ខណ៍អក្សរពីឪពុក ឬម្តាយ ឬអាណាព្យាបាល និង សំបុត្រពេទ្យ (ករណីកើតនៅក្រៅប្រទេស)។

ចុងក្រោយគឺរយៈពេលផ្តល់ លិខិតឆ្លងដែននឹងត្រូវផ្តល់ជូនក្នុងរយៈពេល៤-៥សប្ដាហ៍ គិតចាប់ពីថ្ងៃស្នើសុំ៕

Share.