ភ្នំពេញ៖ បន្ទាប់ពីប្រជាពលរដ្ឋប្រមាណ ២៤០នាក់ មកពីឃុំស្រែជិះ និងឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែន ជ័យ ខេត្តក្រចេះ បានប្រមូលផ្តុំគ្នាតវ៉ាក្នុងដីសហគមន៍ព្រៃឈើរលួស កាលពីថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ ឥឡូវនេះ រដ្ឋបាលខេត្តក្រចេះ បានសម្រេចលើគោលការណ៍ ៣ ចំណុច ដែលអាចឱ្យអ្នកតវ៉ាបានកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើដីសហគមន៍ព្រៃឈើរបស់ខ្លួនបានដូចមុន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តក្រចេះកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ដែលអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃទី១១ខែមករានេះ។

ផ្អែកតាមសេចក្តីប្រកាសព័ត៌មានខាងលើ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត អនុញ្ញាតឱ្យអ្នកតវ៉ាដែលបានកាន់កាប់ និងអាស្រ័យផលជាក់ស្តែងអាចបន្តគ្រប់គ្រងដីនោះបានធម្មតាវិញ តែមិនអនុញ្ញាតឱ្យបន្តចូលកាប់រើរាន ទន្រ្ទានដីសហគមន៍ព្រៃឈើបន្ថែមទៀតឡើយ។
មួយទៀតនោះ សម្រាប់ដីព្រៃដែលពលរដ្ឋអ្នកតវ៉ាកំពុងកាប់រើរានទន្ទ្រាន និងដាំបង្គោលរបងហ៊ុំព័ទ្ធទុកចោលគ្មានប្រើប្រាស់ និងដាំដុះដំណាំជាក់ស្តែង គឺត្រូវយល់ព្រមរុះរើបង្គោលរបងដោយស្ម័គ្រចិត្ត និងប្រគល់ដីនេះជូនគណៈ កម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តគ្រប់គ្រងវិញ។
បើតាមការបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន គឺប្រជាពលរដ្ឋដែលបានតវ៉ាបានយល់ព្រមចំពោះការសម្របសម្រួលរបស់រដ្ឋបាលខេត្តនេះ និងព្រមព្រៀងស្ម័គ្រចិត្តក្នុងការបន្តកាន់កាប់ ប្រើប្រាស់ដី និងអាស្រ័យផលជាក់ស្តែងលើដីក្នុងតំបន់សហគមន៍ព្រៃឈើរលួស ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដោយមិនបន្តចូលកាន់កាប់រើរានទន្រ្ទានដីសហគមន៍ព្រៃឈើបន្ថែមទៀតឡើយ៕
