ភ្នំពេញ៖ ថ្មីៗនេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានពិនិត្យឃើញថា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ មានទំព័រហ្វេសប៊ុកមួយឈោ្មះ The CEROC បានធ្វើការផ្សព្វផ្សាយព័ត៌មានអំពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលមានខ្លឹមសារចោទប្រកាន់ថា “មិនយកអតិថិជនជាធំទេ មើលចុះពួកគេឱ្យពិន្ទុទាបខ្លាំងណាស់រឿងពុករលួយ សេវាកម្មអត់ល្អ និងថែមទាំងផ្តាំអ្នកដទៃមិនឱ្យឆ្លងកាត់ព្រលាន នេះថែមទៀត”។

ពាក់ព័ន្ធទៅនឹងការចុះផ្សាយខាងលើអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានពិនិត្យឃើញថា ការបញ្ចេញមតិដែលបានចុះផ្សព្វផ្សាយនេះ មិនមានប្រភពព័ត៌មានច្បាស់លាស់ ហើយកាលបរិច្ឆេទនៃការ បញ្ចេញមតិទាំងនេះភាគច្រើនបានផុសមុនពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ត្រូវបានបើកដំណើរការជាផ្លូវការទៅទៀត។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានខិតខំប្រឹងប្រែងក្នុងការជំរុញការអនុវត្តច្បាប់ស្តីពីអន្តប្រវេសន៍ យ៉ាងម៉ឺងម៉ាត់បំផុតនិងបានធ្វើការក្រើនរំលឹកជាញឹកញាប់ ដល់មន្ត្រីក្រោមឱវាទនៅក្នុងកិច្ចប្រជុំនានា ជាពិសេសលើការគ្រប់គ្រងដំណើរចេញ-ចូលតាមច្រកទ្វារអន្តរជាតិ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងបានណែនាំឲ្យដាក់ផ្លាកជាចំហអំពីតម្លៃទិដ្ឋាការ នៅមុខទីតាំង ផ្តល់ទិដ្ឋាការនៃប៉ុស្តិ៍ច្រកទ្វារអន្តរជាតិនានាដោយមានសរសេរជាភាសាអង់គ្លេស ដាក់នៅចំពីមុខបញ្ជរ ស្នើសុំទិដ្ឋាការ ជូនអ្នកដំណើរ និងភ្ញៀវបរទេសឲ្យបានឃើញច្បាស់ផងដែរ។

ឆ្លៀតក្នុងឱកាសនេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍សូមថ្លែងអំណរគុណដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទទុកជាមុន ចំពោះការចូលរួមផ្ដល់ព័ត៌មានសំដៅរួមចំណែក ជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងន័យស្ថាបនា ដើម្បីកែលម្អចំណុចខ្វះខាតនិងលើកកំពស់កិត្យានុភាពជាតិតាមរយៈការចូលរួមផ្សព្វផ្សាយនូវព័ត៌មានដែលមានលក្ខណៈវិជ្ជមានពីកម្ពុជា ចៀសវាងផ្សព្វផ្សាយព័ត៌មានអវិជ្ជមាននិងមិនពិតដែលបន្តឱ្យមានការភ័ន្តច្រឡំដល់សាធារណជន និងភ្ញៀវបរទេសនានា។ ដូច្នេះសូមសាធារណជនទទួលជ្រាបជាព័ត៌មានដើម្បីកុំឱ្យមានការយល់ច្រឡំ៕

អត្ថបទ៖សង្គម

