ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានសម្រេចដកតំណែងលោក ឈុន ស៊ីណា នាយរងការិយាល័យគ្រប់គ្រងទិន្នន័យស្ថិតិប្រជាពលរដ្ឋនិងបណ្ដេញចេញពីក្របខ័ណ្ឌ​មន្រ្តីនគរបាលជាតិ បន្ទាប់ពីមន្រ្តីរូបនេះល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

ប្រការ១ នៃសេចក្តីប្រកាសខាងលើបានកំណត់អនុវត្តវិន័យចំពោះលោកវរសេនីយ៍ត្រី ឈុន ស៊ីណា នាយរងការិយាល័យ គ្រប់គ្រងទិន្នន័យស្ថិតិប្រជាពលរដ្ឋនៃនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម តាមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ ការបណ្តេញចេញនេះ ដោយសារមូលហេតុ លោក ឈុន ស៊ីណា បានល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។

ជាងនេះសម្រាប់ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗក៏ត្រូវកាត់ផ្តាច់ និងលុយចេញពីក្របខ័ណ្ឌផងដែរចាប់ពីខែមេសា ឆ្នាំ២០២៤តទៅ។

ជាការកត់សម្គាល់ នៅដើមឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃបានអនុវត្តការដកហូតមុខតំណែង បន្ថយឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិលើមន្រ្តីមួយចំនួន ក្នុងករណីផ្សេងៗគ្នា ដោយខ្លះបានរកឃើញសារជាតិញៀនក្នុងខ្លួន ខ្លះមិនអនុវត្តកាតព្វកិច្ច ភារកិច្ចការងារក្នុងនាមជាមន្រ្តីនគរបាល ពោលគឺល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ៕

Share.