​សិល្បៈ​ជាតិ​៖ ​នេះ​គឺជា​រឿង​ដ៏​អាណោច​អាធម៌​មួយ​ដែល​​បាន​កើត​ឡើង​ក្នុងជីវិត​ស្ត្រី​មេម៉ាយ​កូន​២​ សឿ សុធារ៉ា ដោយ​នៅ​ក្នុង​កម្មវិធី​បុណ្យ​ខួប​មរណភាព​គំរប់​៧​ថ្ងៃ​របស់​ឪពុក​អ្នក​នាង​ បែរ​ជា​មាន​ភ្ញៀវ​សិល្បៈ​៣​រូប​គត់​មក​ចូលរួម​គឺ​ ​អ្នក​នាង​ កែវ ពេជ្រពិសី​ អ្នក​នាង​ ដាញ់​ ម៉ូនីកា និង​អ្នក​នាង​​​ ​សារ៉ាយ សក្ខិណា​។

កាល​ពីល្ងាច​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០២៤ ម៉ោង​ជាង​៦​ល្ងាច គណនី​ហ្វេសប៊ុក​ផ្លូវការ​​របស់​អ្នក​នាង​ កែវ ពេជ្រ​ពិសី​ បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​ ដែល​បាន​បង្ហាញ​វត្តមាន​កំពូល​តារា​សម្ដែង​ ៣​រូប​ ដែល​ធ្លាប់​សាង​កេរ្តិ៍ឈ្មោះ​ និង​ប្រជា​ប្រិយភាព​ មាន​ដូច​ជា​អ្នក​នាង​ ដាញ់ ម៉ូនីកា អ្នក​នាង​ សារ៉ាយ​ សក្ខិណា និង​អ្នក​នាង​ សឿ សុធារ៉ា​ ប៉ុន្តែ​​ការ​ជួប​ជុំ​​​គ្នា​​លើក​នេះ​ មិន​មែន​ជា​ពិធី​ជួបជុំ​សើច​ក្អាកក្អាយ​នោះ​ឡើយ តែជា​ការ​ចូលរួម​រំលែក​ទុក្ខ​ក្នុង​ពិធី​បុណ្យ​គំរប់​ខួបមរណភាព​​ ៧​ថ្ងៃ​ លោក​ឪពុក​របស់​អ្នក​នាង​ សឿ សុធារ៉ា។​

អ្នក​នាង​ កែវ ពេជ្រពិសី​បាន​រៀបរាប់​សំណេរ​ភ្ជាប់​ជាមួយ​វីដេអូនោះ​ថា៖ «ថ្ងៃនេះនាងខ្ញុំ និងប្អូនស្រីដាញ់ ម៉ូនីកា ប្អូនស្រី សារាយ សក្កណា បានទៅចូលរួមពិធីបុណ្យសព៧ថ្ងៃលោកឪពុករបស់អ្នកនាងសឿ សុធារ៉ា យើងខ្ញុំទាំង ៣ នាក់សូមចូលរួមរំលែកទុក្ខនិងសូមចូលរួមផ្ដល់កំលាំងចិត្តដល់ធារ៉ាដែលជាមិត្តសិល្បះរួមជំនាន់សូមរឹងមាំឡើងដើម្បីកូនៗជាទីស្រលាញ់របស់យើង….ស៊ូស៊ូ ក្រោយភ្លៀងមេឃគង់ស្រឡះ»

នៅ​ក្នុង​វីដេអូ​គេ​​បាន​ឃើញ​ថា អ្នក​នាង​ ដាញ់ ម៉ូនីកា ឬ ​អ្នក​គាំទ្រ​និយម​ហៅ​ថា​ នាង​ទាវៗ​​ ដែល​បាន​ស្កាត់​តាំង​ពី​អាមេរិក​មក​ដល់​ស្រុក​ខ្មែរ​ បាន​និយាយ​លួងលោម​ និង​លើក​ទឹក​ចិត្ត​ចំពោះ​អ្នក​នាង​ សឿ សុធារ៉ា ដែល​កំពុង​តែ​ជួប​ទុក្ខធំ​បាត់​បង់​អ្នក​មាន​គុណ​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន​ ព្រម​ទាំង​ផ្ដាំ​ឱ្យ​​តារា​សម្ដែង​រូប​នេះ​រឹងមាំ​ដើម្បី​កូន​ៗ​របស់​ខ្លួន​។

ក្រៅ​ពី​ចំណាយពេល​វេលា​មក​រំលែក​ទុក្ខ ដោយ​ផ្ទាល់​ហើយ​នោះ​ ​អ្នក​ម្ដាយ​ទាំង​៣​រូប​ ដែល​នៅ​តែ​អាច​រក្សា​សម្រស់​បាន​ស្រស់​ស្អាត​ដដែល​នោះ​ក៏​បាន​ចូលរួម​ជា​បច្ច័យ​បុណ្យ​ដើម្បីជួយ​សម្រួល​ដល់​អ្នក​នាង​ សឿ សុធារ៉ា ដែល​កំពុង​ជួប​នឹង​បញ្ហា​ខ្វះខាត​ផង​ដែរ។

អ្វី​ដែល​ធ្វើ​ឱ្យ​សាធារណជន​ហួសចិត្ត​ខ្លាំង​ នោះ​គឺ​ក្រៅ​ពី​តារា​ស្រី​ទាំង ​៣ដួង​​ខាង​លើ​នេះ​ ​មិន​មាន​វត្តមាន​អ្នក​សិល្បៈ​ណា​ផ្សេង​ទៅ​ចូលរួម​បុណ្យ​គំរប់​ខួប​៧​ថ្ងៃ​ ឪពុក​អ្នក​នាង​ សឿ សុធារ៉ា នោះឡើយ។ នេះបើ​តាម​ការ​លើក​ឡើង​របស់តារា​សម្ដែង​ សាវិន ហ្វីលីព បាន​បង្ហោះ​ចែក​ចាយ​នៅ​លើ​បណ្ដាញ​
សង្គម។

គួរ​ដឹង​ថា​ អ្នក​នាង ដាញ់ ម៉ូនីកា អ្នក​នាង កែវ ពេជ្រ ពិសី​ បាន​ឃ្លាត​ឆ្ងាយ​ពី​រង្វង់​សិល្បៈ​ដោយ​កត្តា​ផ្ទាល់​ខ្លួន​ ខណៈ​ដែល​អ្នក​នាង​ សារ៉ាយ សក្ខិណា នៅ​បន្ត​បង្ហាញ​ថ្វី​ដៃ​សម្ដែង​ បែប​លឹបលរ​ ក្នុង​សិល្បៈ ព្រោះ​នៅ​មាន​​ការ​សម្ដែង​ភាពយន្ត​ខ្នាតធំខ្លះ​ៗ​​ ប៉ុន្តែ​មិន​មាន​ការងារ​​សិល្បៈ​​ច្រើន​នោះ​ឡើយ​ គឺអាស្រ័យ​ទៅ​តាម​ពេល​វេលា​ប៉ុណ្ណោះ​៕

Share.