ភ្នំពេញ៖ នៅទីបំផុតក្រសួងរ៉ែ និង ថាមពល បានសម្រេចចុះបង្រ្កាបទីតាំងអាជីវកម្មរ៉ែមាសលក្ខណៈគ្រួសារបែបអនាធិតេយ្យស្ថិតនៅក្នុងភូមិ សំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បន្ទាប់ពីរកឃើញថា ទីតាំងទាំងនោះបានវិវត្តពីការជីកយកនិងរែងមាសដោយដៃនិងប្រើឧបករណ៍សាមញ្ញាៗមកជាប្រើគ្រឿងចក្រ ប្រើរំសេវជាតិផ្ទុះ និងសារធាតុគីមីជំនួសវិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែនិងថាមពល កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៤។

ទីតាំងជីករ៉ែលក្ខណៈគ្រួសារដែលវិវត្តខ្លួនជាស្វ័យប្រវត្តិ។
តាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើ ទីតាំងដែលបានចុះបង្ក្រាបនេះបានដំណើរការតាំងពីឆ្នាំ១៩៩០មកម្ល៉េះ ដែលកាលណ្ណោះប្រជាពលរដ្ឋប្រកបការងារជីកយកនិងរែងមាសដោយដៃ និងប្រើឧបករណ៍បែបសាមញ្ញាៗលក្ខណៈគ្រួសារ។ ប៉ុន្តែនាប៉ុន្មានឆ្នាំចុងក្រោយនេះ ទីតាំងអាជីកម្មខាងលើបានវិវត្តន៍ការជីករ៉ែមាសដោយប្រើគ្រឿងចក្រ ក្នុងនោះមានការប្រើរំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយកន្លែងខ្លះមានជីករូងជាអណ្តូងរ៉ែក្រោមដីតែម្តង។

ទីតាំងជីករ៉ែលក្ខណៈគ្រួសារ។
សម្រាប់ក្រសួងរ៉ែការប្រកបអាជីវកម្មបែបនេះ បានបង្កបញ្ហាប្រឈមធ្ងន់ធ្ងរដល់សុខភាព សុវត្ថិភាព និងប៉ះពាល់បរិស្ថានយ៉ាងខ្លាំងទើបក្រសួងនិងស្ថាប័នពាក់ព័ន្ធបានសិក្សាផ្លូវច្បាប់ឈានដល់ការចុះបង្ក្រាបនេះតែម្តង បន្ទាប់មន្រ្តីបានចុះអប់រំផ្សព្វផ្សាយតែម្ចាស់អាជីវកម្មមិនព្រមអនុវត្ត។
ក្រសួងអះអាងទៀតថា ការបង្ក្រាបនេះក៏ដើម្បីរួមចំណែកទប់ស្កាត់សកម្មភាពធ្វើអាជីវកម្មបែបអនាធិបតេយ្យ ដែលកំពុងបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិ និងចំណូលជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងនិងក្រៅមូលដ្ឋានផងដែរ។

ទីតាំងជីករ៉ែលក្ខណៈគ្រួសារ។
សូមបញ្ជាក់ថា ការចុះបង្ក្រាបនេះសម្រាប់ក្រសួង គឺដើម្បីបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានអាជីវកម្មរ៉ែស្របច្បាប់ដែលនាំមកនូវផលប្រយោជន៍ជាតិពិតប្រាកដ បង្កើតឱ្យមានឱកាសការងារនៅនឹងកន្លែងនិងប្រយោល ចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិង ដោយមានការគាំទ្រនិងការការពារពីច្បាប់៕
