ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជិះម៉ូតូហុងដាឌ្រីមលឿនជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ ចតឈប់ចិញ្ចើមផ្លូវ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៤ នៅតាមផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពជនរងគ្រោះ បើតាមអត្តសញ្ញាណប័ណ្ណជាប់តាមខ្លួនមានឈ្មោះ លី វិសាល ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិបត់គគី ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1B-1459 ជាមធ្យោបាយ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូល្បឿនលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុជ្រុលបុកពីក្រោយរថយន្តកុងតឺន័រ កំពុងចតឈប់ចិញ្ចើមផ្លូវ ម៉ាកហុីណូ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-2999 សណ្តោងរុឺម៉កដឹកទូកុងតឺន័រ ពាក់ស្លាកលេខ កំពង់ស្ពឺ 4A-0085 បណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅកន្លែង អ្នកបើកបររថយន្តគេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅអន្តរាគមន៍ សពរកសាច់ញាតិមិនទាន់ឃើញ ត្រូវបានដឹកតាមរថយន្តរបស់មន្ទីរពេទ្យបង្អែកពោធិចិនតុងយកទៅតំកល់ទុកនៅវត្តទឹកថ្លា ដើម្បីបន្តស្រាវជ្រាវស្វែងរកក្រុមគ្រួសារ ចំណែករថយន្តនិងម៉ូតូត្រូវបានយកទៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.