ភ្នំពេញ ៖ សត្វគោដែលអស់លោកអ្នកចិញ្ចឹម ព្រលែងឱ្យដើរសេរីទាំងយប់ ទាំងថ្ងៃ បង្កហានិភ័យ ប្រឈមគ្រោះថ្នាក់ផ្សេងៗ ហើយនៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ ក្រៅពីឃើញមានដើរសេរីនៅពេលថ្ងៃ បែជានៅពេលយប់ទៅហើយនៅតែឃើញដើរទាំងហ្វូង តាមដងផ្លូវហាណូយ ក្នុងភូមិសាស្ត្រ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រជាពលរដ្ឋបានលើកឡើងថា ឃើញហ្វូងគោដើរសេរីរាល់ថ្ងៃ មិនថាពេលថ្ងៃ ពេលយប់នោះទេ ដើររកសុី ដេក តាមដងផ្លូវ តាមសួន ទីសាធារណៈ មិនដឹងថាម្ចាស់ អ្នកចិញ្ចឹមនៅឯណា ហើយកន្លងមក គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយសត្វគោ ក្របី កើតមានញឹកញាប់ មិនដែលរកមុខម្ចាស់ឃើញទេ។

ពលរដ្ឋសំណូមពរផងដែរដល់អាជ្ញាធរ សមត្ថកិច្ច មេត្តាជួយចាត់វិធានការ បែបណា កុំឱ្យហ្វូងគោ ក្របី ដើរយប់ថ្ងៃ តាមដងផ្លូវ សួន សាធារណៈ ជៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ៕

អត្ថបទ៖ តាតុងសែនជ័យ

