ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមបោះពួយលឿន ជ្រុលទៅបុកពីក្រោយរថយន្តម៉ាស្តាឈប់ចាំភ្លើងស្តុប បណ្តាលឱ្យរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង ម៉ូតូរួញមួយកំណាត់មុខ រថយន្តបែកកញ្ចល់ក្រោយ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ កែងផ្លូវបេតុងវត្តអង្គត្រគៀត ចំណុចភ្លើងស្តុប ក្នុងភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ថន ធួន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅ ភូមិភា សង្កាត់ប្រទះ ឡាង ខណ្ឌកំបូល មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៩ ភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូហុងដាឌ្រីម សេរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JO-0647 ធ្វើដំណើរពីជើងទៅត្បូង ល្បឿនលឿន ដល់ចំណុចកើតហេតុ បុកពីក្រោយរថយន្តម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-3508 បើកបរដោយជនជាតិខ្មែរ រួមដំណើរដោយជនជាតិចិនចំនួន៤នាក់ ដែលកំពុងឈប់ភ្លើងស្តុប ពីជើងទៅត្បូង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ សន្លប់ឈឹងនៅកន្លែង ម៉ូតូរួញមួយកំណាត់មុខ រថយន្តបែកកញ្ចក់ក្រោយ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.