សិល្បៈជាតិ៖ ចាប់បើកសករាជឆ្នាំថ្មីនៃឆ្នាំ ២០២៤ ផលិតកម្ម LD បានទម្លាក់ខ្សែភាពយន្តថ្មីដំបូងរបស់ខ្លួនដែលជាប្រភេទរឿងបែបកំប្លុកកំប្លែងលាយលំនឹងមនោសញ្ចេតនាស្នេហាបែបជនបទ ដោយបានគាស់អនុស្សាវរីយ៍ស្រុកស្រែ ដើម្បីឱ្យអ្នកទស្សនាបានរំសាយអារម្មណ៍និងស្បើយកង្វល់តាមរយៈភាពយន្តរឿង «ស្រឡាញ់បងល្អពេក» ។




ជួបសម្ភាសផ្ទាល់ជាមួយអ្នកសារព័ត៌មានត្រយង លោក លៀក លីណា អ្នកគ្រប់គ្រងផលិតកម្ម LD បានគូសបញ្ជាក់អំពីគោលបំណងរបស់ផលិតកម្មសម្រាប់ការចាក់បញ្ចាំងភាពយន្តថ្មីនេះជាផ្លូវការ និងលម្អិតខ្លះៗអំពីខ្សែភាពយន្តថ្មីនេះឱ្យអ្នកគាំទ្របានដឹងថា ភាពយន្តនេះគឺជាភាពយន្តដំបូងបើកឆាកសម្រាប់ឆ្នាំ ២០២៤ ហើយខាងផលិតកម្មក៏ចង់ឱ្យអ្នកទស្សនារំសាយអារម្មណ៍ស្ត្រេសខ្លះ និងទទួលយកភាពសប្បាយរីករាយចាប់តាំងពីដើមឆ្នាំនេះទៅតែម្ដង។
ភាពយន្ត«ស្រឡាញ់បងល្អពេក» ប្រមូលផ្ដុំដោយតារាសម្ដែងល្បីៗដូចជា អ្នកនាង សារ៉ាយ សក្កណា លោក ជា សុវណ្ណនរាហ៍ កញ្ញា ឆាយ នីតា លោក BIG អ្នកនាង ង៉ែត សុវណ្ណលីតា អ្នកនាង អ៊ីត កញ្ញា យ៉ាពីន លោក ម៉ានូ និងតារាកិត្តយសជាច្រើនដួងទៀតចូលរួមសម្ដែង។



សូមជម្រាបថា ខ្សែភាពយន្ត «ស្រឡាញ់បងល្អពេក» ត្រូវបានផ្ដិតយកទិដ្ឋភាពស្រុកស្រែ និងទីតាំងសំខាន់ៗដ៏ស្រស់ត្រកាលនៅលើទឹកដីខេត្តកណ្ដាល ដែលនឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនាថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤ នេះ។ សូមចូលរួមលើកស្ទួយ និងគាំទ្រខ្សែភាពយន្តខ្មែរទាំងអស់គ្នា៕

