ភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះ ចូវ ប៉ាវ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន ជាមុខសញ្ញាម្នាក់ក្នុងចំណោមបក្ខពួកចំនួន ៥នា​ក់ ទាក់ទងករណីផលិតកែច្នៃនិងជួញដូរសារធាតុញៀននៅចំណុចបន្ទប់ លេខ៧០១ ជាន់ទី៧ ខុនដូ Star City ផ្លូវសហព័ន្ធរុស្សី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជ ធានីភ្នំពេញ។

ការបង្រ្កាបនេះដកហូតសារធាតុញៀនចម្រុះប្រភេទម្សៅ និងថ្នាំគ្រាប់ចំនួន២១២៥ គ្រាប់ សរុបទម្ងន់៤kg៦៦៣g, សារធាតុផ្សំផលិតគ្រឿងញៀនចម្រុះទម្ងន់ ២១kg៥០៣g និងសម្ភារៈ ឧបករណ៍ផលិតគ្រឿងញៀនមួយចំនួនធំទៀត។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញក៏បានឆែកឆេរត្រះតពិនិត្យចំនួន ២បន្ទប់ គោលដៅ ទី១៖  ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ បន្ទាប់លេខB1903 ជាន់ទី១៩ ខុនដូ Urban Village ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដកហូតសារធាតុញៀនប្រភេទ អ៉ិចស្តាស៊ី និងមេតំហ្វេតាមីន និងថ្នាំគ្រាប់៤៨គ្រាប់ សរុបទម្ងន់ ១៦៩,៦៤ក្រាម។

គោលដៅទី២៖ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ឆែកឆេរបន្ទប់លេខ3207 ជាន់ទី៣២ ខុនដូR&F City ផ្លូវ៦០ ម៉ែត្រ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដកហូតសារធាតុញៀន និងថ្នាំគ្រាប់ចំនួន ១៨១០ គ្រាប់ និងសារធាតុផ្សំផលិតគ្រឿងញៀនជាច្រើនមុខទម្ងន់សរុប ប្រហែល១០kg និងសម្ភារ:ឧបករណ៍ផលិតកែឆ្នៃមួយចំនួន ។

សរុបរួមករណីបង្ក្រាបទាំង២លើក ឃាត់បានជនសង្ស័យជនជាតិចិនចំនួន ០២នាក់ មុខសញ្ញាមានដីកាចាប់ខ្លួននៅសល់ ៤នាក់ទៀត និងដកហូតសារធាតុញៀនសរុប: ថ្នាំញៀនចម្រុះ និងគ្រាប់ចំនួន៣៩៨៣គ្រាប់ មានទម្ងន់ជិត ៦kg និងសារធាតុផ្សំផលិតគ្រឿងញៀនទម្ងន់ជាង ៣០kg។

បច្ចុប្បន្នកម្លាំងជំនាញធ្វើការសាកសួរបន្ត និងរៀបចំវេចខ្ចប់វត្ថុតាងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

Share.