ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿង ជិះដោយស្ត្រីម្នាក់ វិលត្រឡប់មកពីលក់ត្រី ជិតដល់ផ្ទះទៅហើយ ស្រាប់តែមានម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀតជិះដោយយុវជនម្នាក់ ល្បឿនលឿនជ្រុលបុកពីក្រោយ បណ្តាលឱ្យរងរបួសបាក់ជើងឆ្វេង។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវបេតុង ខាងលិចប៉ុស្តិ៍កាកាបទី២ ក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះ របួសធ្ងន់ មានឈ្មោះ យោង នាង ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់ត្រី ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិព្រៃរុន ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង រងរបួសធ្ងន់ បាក់ជើងឆ្វេង ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះវិលត្រឡប់មកពីលក់ត្រី ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1M-1433 ពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IG-2592 បុកពីក្រោយ បណ្តាលឱ្យរងរបួសធ្ងន់ ។ យុវជនខាងលើមានឈ្មោះ រ៉ុម រតនៈ អាយុ១៦ឆ្នាំ មុខរបរកម្មករដឹកសាច់ជ្រូក ស្នាក់នៅក្នុងកុងសុីកាប់ជ្រូក ភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ស្ត្រីរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋ ហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ រីឯមធ្យោបាយ ម៉ូតូទាំង២គ្រឿង ប្រគល់ឱ្យសមត្ថកិច្ចធ្វើការវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យជាបណ្តោះអាសន្ន៕
អត្ថបទ៖ តាតុងសែនជ័យ

