ប្រទេសអូស្រា្តលីកំពុងបង្កើនការអនុវត្តវិធានការបិទខ្ទប់រដ្ឋធំៗចំនួន២បន្ថែម១សប្ដាហ៍ទៀត ខណៈដែលបុគ្គលិកមួយចំនួននៅទីក្រុងស៊ីដនីដែលចាក់វ៉ាក់សាំងរួចអាចត្រឡប់ទៅកន្លែងធ្វើការវិញបាន។

កាលពីសប្តាហ៍មុន រដ្ឋាភិបាលអូស្រ្តាលីបានពិចារណា លើគោលនយោបាយ “អត់ចាក់វ៉ាក់សាំង គ្មានការងារធ្វើ” ដើម្បីបញ្ចៀសការបិទខ្ទប់ ហើយសម្រាលស្ថានភាពដល់អាជីវកម្មនានាក្នុងប្រទេស។

ដោយសារតែប្រជាជននៅក្នុងប្រទេសអូស្រ្តាលីតិចជាង ២៥ភាគរយបានចាក់វ៉ាក់សាំងរួចរាល់នោះ ទើបប្រទេសនេះចាប់ផ្ដើមអនុវត្តន៍វិធានការកាន់តែតឹងរឹងពីមួយជំហ៊ានទៅមួយជំហ៊ានរហូតដល់អាចចេញគោលនយោបាយថា ជនណាមិនចាក់វ៉ាក់សាំង ជននោះនឹងមិនឲ្យមានការងារធ្វើនោះទេ។
អ្នកជំនាញសេដ្ឋកិច្ចមួយចំនួនព្រមានថា ការបិទខ្ទប់បែបនេះ អាចធ្វើឲ្យសេដ្ឋកិច្ចអូស្រ្តាលី ដែលជាប្រទេសសេដ្ឋកិច្ចធំជាងគេលំដាប់ទី១៣ របស់ពិភពលោក ធ្លាក់ចូលទៅក្នុងវិបត្តិជាលើកទី២ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ គិតត្រឹមល្ងាចថ្ងៃពុធនេះ​ អូស្ត្រាលីមានអ្នកឆ្លងកូវីដ១៩ថ្មីៗ ក្នុង ១ថ្ងៃចំនួន ៣៦៥នាក់ និងអ្នកស្លាប់ថ្មី ២នាក់បន្ថែម ដែលធ្វើឲ្យអ្នកឆ្លងសរុបចំនួន ៣៧,៣៧៨ ករណី និងអ្នកស្លាប់សរុបចំនួន ៩៤៥នាក់។

រដ្ឋាភិបាលសហព័ន្ធ និងរដ្ឋរបស់ប្រទេសអូស្ត្រាលី បានប្តេជ្ញាបញ្ចប់ការបិទប្រទេសនៅពេលដែលប្រជាជន ៧០% នៃចំនួនជិត២៦​​លាននាក់របស់ប្រទេស ទទួលបានវ៉ាក់សាំងគ្រប់ដូស៕

Telegram-Troryorng
Share.