ភ្នំពេញ ៖ បុរស២នាក់បានស្លាប់ភ្លាមៗនៅកន្លែង និងមនុស្សប្រុសស្រី៣នាក់ ទៀតរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីជិះរថយន្តឡិចសុីសRX350 ពាក់ស្លាកលេខនគរបាល បើកលឿនរេចង្កូតទៅបុកជាមួយរថយន្តកាមរីហាយប្រីដ កំពុងបើកច្រាសទិសនៅគន្លងផ្លូវម្ខាងទៀត បណ្តាលឱ្យរថយន្តឡិចសុីសក្រឡាប់ជាច្រើនត្រឡប់។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ១ មុខវត្តចំប៉ា ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តឡិចសុីស RX350 ពណ៌ស ពាក់ស្លាកលេខនគរបាល 2-0393 ជិះគ្នា៥នាក់ ប្រុស៣នាក់ ស្រី២នាក់ ក្នុងល្បឿនលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុ មិនដឹងថាបែកកង់ ឬយ៉ាងណានោះទេ ស្រាប់តែរេចង្កូតទៅបុកពីមុខរថយន្តកាមរីហាយប្រីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BN-7915 បើកដោយបុរសម្នាក់ រួមដំណើរជាមួយប្រពន្ធម្នាក់ទៀត កំពុងបើកពីកើតទៅលិច នៅគន្លងផ្លូវម្ខាងទៀត បណ្តាលឱ្យរថយន្តឡិចសុីស ក្រឡាប់ច្រើនត្រឡប់ ស្លាប់បុរស២នាក់ ក្នុងនោះអ្នកបើកបរម្នាក់ និង៣នាក់ទៀតរបួសធ្ងន់ ក្នុងនោះមានស្រី២នាក់ ចំណែកខាងរថយន្តកាមរីហាយប្រីដ រងរបួសស្រាលទាំង២នាក់ប្តីប្រពន្ធ។

ជនរងគ្រោះបាត់បងជីវិតទី១ មានឈ្មោះ ហេង សុីថារ៉ូ ពាក់ស័ក្ដិ ៤កន្លះ អធិការរងរស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ ទី២ មានឈ្មោះ ម៉ាន រ៉ាវី មន្រ្តីនគរបាល រស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្រោយកើតហេតុ ជនរងគ្រោះដែលរងរបួសធ្ងន់ទាំង៣នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកច្បារអំពៅ ចំនួន២គ្រឿង ដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ។ ចំណែកសាកសពបុរស២នាក់ សមត្ថកិច្ចចាត់ចែង ប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯបុរសម្នាក់ជាអ្នកបើកបររថយន្តកាមរីហាយប្រីដ ត្រូវបានសមត្ថកិច្ច នាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌ។ ដោយឡែករថយន្តទាំង២គ្រឿងរងខូចខាតធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ច ពិនិត្យ វាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចតណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.