ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូហុងដា Beat បើកបោះពួយល្បឿនលឿនជ្រុលទៅបុកពីក្រោយរុឺម៉កម៉ូតូ បោកផ្ទប់ដួលរងរបួសធ្ងន់ សន្លប់បាត់ស្មារតី កាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៣ កែងផ្លូវបេតុងវត្តជន្លង់ម្លូ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ នាង សុខនី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិអូរកន្ធរត្បូង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាBeat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GY-7164 ធ្វើដំណើរពីជើងទៅត្បូង ល្បឿនលឿន លុះដល់ចំណុចកើតហេតុ ជ្រុលទៅបុករុឺម៉កម៉ូតូដែលបើកឆ្លងផ្លូវពីកើតទៅលិច បណ្តាលឱ្យរងរបួសធ្ងន់ សន្លប់បាត់ស្មារតី។

ជនរងគ្រោះក្រោយកើតហេតុត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព ៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព។ ចំណែកឯមធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយពេលក្រោយ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.