ភ្នំពេញ៖នៅទីបំផុតលោក ខេង យ័ន អភិបាលក្រុងកែបត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្រេចចេញអនុក្រឹត្យបញ្ចប់មុខតំណែងកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ដែលអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃទី១២ ខែមករានេះ។


ទាក់ទងការបញ្ចប់មុខតំណែងលោកអភិបាលក្រុងកែបរូបនេះ លោកបណ្ឌិត ទូច សុឃៈ(សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបញ្ជាក់ខ្លីថា ដោយសារលោក ខេង យ័ន បំពេញតួនាទីមិនត្រឹមត្រូវ ផ្ទុយពីច្បាប់ ផ្ទុយពីលិខិតបទដ្ឋានគតិយុត្តិ ក្នុងនាមជាអភិបាលក្រុងមួយ។ មួយទៀត លោក ខេង យ័ន ក៏បានប្រើប្រាស់តួនាទីរបស់រដ្ឋទាញយកជាផលប្រយោជន៍ឯកជនផ្ទាល់ខ្លួនផងដែរ។

លោក ខេង យ័ន អភិបាលក្រុងកែប។
ទាក់ទងនឹងការចុះផ្សាយព័ត៌មានយ៉ាងព្រោងព្រាតថា មន្រ្តី ACU ចុះចាប់ខ្លួនលោកអភិបាលក្រុងកែបនិងនាយករដ្ឋបាលក្រុងកែបនេះ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានបដិសេធថា គ្មានហេតុការណ៍ចាប់ខ្លួនអ្វីនោះទេ។ ក៏ប៉ុន្តែរឿងនេះ មន្រ្តីសាលាខេត្តកែបបញ្ជាក់ថា គឺជាការចាប់ភ័ន្តច្រលំ៕
