ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបានបង្ហាញពីវិធានការដាក់ពិន័យលើបុគ្គលិកផ្នែកសណ្តាប់ធ្នាប់របស់ខ្លួន ករណីបានប្រើប្រាស់ហិង្សាទៅលើកុមារដើរលក់កូនសត្វអណ្តើកចល័តនៅបរិវេណកសិន្ធុអង្គរវត្ត ដែលបណ្តាញសង្គមហ្វេសប៊ុកបានទម្លាយកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤។

បើតាមសេចក្តីប្រកាសព័ត៌មានដែលសារព័ត៌មានត្រយងទទួលបានបន្តថា ករណីនេះអាជ្ញាធរអប្សរាបានពិន័យរដ្ឋបាល និងតម្រូវឱ្យបុគ្គលិកទាំងនោះចុះហត្ថលេខាលើកិច្ចសន្យាទទួលស្គាល់កំហុស និងបញ្ឈប់នូវរាល់សកម្មភាពហិង្សានាពេលអនាគត។ ជាងនេះទៀត អាជ្ញាធរអប្សរាព្រមានពីផ្លូវច្បាប់និងការបណ្តេញចេញផងដែរ ករណីបើសិនបុគ្គលិករូបនេះមិនរាងចាល។ ពិសេសជាងនេះ អាជ្ញាធរជាតិអប្សរា ក៏ណែនាំឱ្យបុគ្គលិករូបនេះទៅសុំទោសឪពុក ម្ដាយ និងកុមាររូបនេះដោយផ្ទាល់ផងដែរ។

យោងតាមទំព័រហ្វេសប៊ុក The CEROC ដែលបង្ហាញឃ្លីបវីដេអូចំនួន២នាទីទាក់ទិនរឿងនេះ គេសង្កេតឃើញបុគ្គលិកប្រមាណ ៥នាក់ បានប្រើហិង្សាដោយស្រែកសម្លុត និងវាយលើផ្ទៃមុខក្មេងប្រុសអ្នកលក់អណ្តើកនោះទៀតផង។​

រូបភាពពីទំព័រហ្វេសប៊ុក The CEROC។

យ៉ាងណាករណីនេះ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរាប្រាប់សារព័ត៌មានត្រយងដោយសម្តែងក្តីសោកស្តាយចំពោះហេតុការណ៍ដែលបានកើតឡើងនេះ។តែយ៉ាងណា ឯកឧត្តមថា អាជ្ញាធរនឹងប្រឹងប្រែងប្រើវិធានការអប់រំលើបុគ្គលិករបស់ខ្លួន ដើម្បីបញ្ជៀសបានរឿងរ៉ាវហិង្សាបែបនេះនាពេលអនាគតតទៅទៀត។

ផ្អែកតាមសេចក្តីប្រកាសព័ត៌មានអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ជានិច្ចកាលតែងតែបានណែនាំដល់មន្ត្រី បុគ្គលិក ភ្នាក់ងារ ពលករ និងឆ្មាំនៃអាជ្ញាធរជាតិអប្សរា ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងចៀសវាងឱ្យបានជាដាច់ខាត នូវការប្រើប្រាស់អំពើហិង្សាក្នុងការដោះស្រាយបញ្ហានានា។

សម្រាប់អាជ្ញាធរជាតិអប្សរាមិនគាំទ្រ និងមិនអាចទទួលយកបានជាដាច់ខាត នូវរាល់ការប្រើប្រាស់ អំពើហិង្សាក្នុងការអនុវត្តការងារ ដែលធ្វើឱ្យប៉ះពាល់ដល់វិន័យ សីលធម៌ និងគុណធម៌ ក្នុងលក្ខន្តិកៈរបស់មន្ត្រីរាជការស៊ីវិល-បុគ្គលិកសាធារណៈ។

តាមរយៈរឿងរ៉ាវនេះ អាជ្ញាធរជាតិអប្សរា អំពាវនាវសារជាថ្មីម្តងទៀត ដល់សាធារណជនទាំងអស់ មេត្តាកុំលក់ ឬយកសត្វគ្រប់ប្រភេទទៅលែងក្នុងកសិន្ធុនានានៃរមណីយដ្ឋានអង្គរ ដោយមិនមានការអនុញ្ញាត ដើម្បីចៀសវាងការប៉ះពាល់ដល់សត្វ និងរុក្ខជាតិដែលមានប្រភពដើមនៅទីនោះ៕

Share.