ភ្នំពេញ៖ នៅទីបំផុតសមត្ថកិច្ចក្រុងបាត់ដំបងបានបញ្ជូនខ្លួនបុរសជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធការគំរាមកំហែង និងកាន់កាប់អាវុធខុសច្បាប់ គម្រាមអាយុជីវិតអ្នកដទៃកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ ហេតុការណ៍នេះកើតឡើងនៅចំណុចក្រុមទី០៧ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បន្ទាប់ពីជនសង្ស័យ ខឹងជនរងគ្រោះផឹកស៊ីចាក់ធុងបាសលឺខ្លាំងៗ។នេះបើតាមទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបង្ហោះនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ។

បើតាមលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការដ្ឋានក្រុងបាត់ដំបងប្រាប់សារព័ត៌មានត្រយងថា ជនសង្ស័យបានបញ្ជាទិញកាំភ្លើងខ្លីមានរាងដូចទូរស័ព្ទដៃនេះតាមអនឡាញយូរឆ្នាំណាស់មកហើយ ដោយមិនបានប្រើប្រាស់នោះទេ ហើយក៏ភ្លេចតម្លៃដែរ។
លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បញ្ជាក់ថា ករណីប្រើប្រាស់កាំភ្លើងរាងដូចទូរស័ព្ទនេះគឺជាលើកទី ១ សម្រាប់ខេត្តបាត់ដំបង ដោយកាំភ្លើងនេះអាចដាក់គ្រាប់ពិតបានចំនួន ២ គ្រាប់ និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន។
តាមចម្លើយសារភាពរបស់ជនសង្ស័យទៅកាន់សមត្ថកិច្ច គឺជនសង្ស័យពុំដែលប្រើប្រាស់កាំភ្លើងខ្លីនេះម្តងណាឡើយក្រោយពីទិញជាច្រើនឆ្នាំ។

ផ្អែកតាមទំព័រហ្វេសប៊ុកស្នងការនគរបាលខេត្តបាត់ដំបង កាំភ្លើងខ្លីមិនស្គាល់ម៉ាកមានរាងជាទូរស័ព្ទនេះ មានលេខ IC380។
សូមបញ្ជាក់ថា អាវុធប្រភេទIC380 នេះជាអាវុធដែលផលិតឡើងឱ្យដូចទៅនឹងទូរស័ព្ទដៃសេរីទំនើប ហើយនៅពេលកាន់ប្រើប្រាស់ មិនងាយដឹងថាជាអាវុធនោះទេ លុះត្រាតែផ្តើមធ្វើសកម្មភាពទើប ដឹងថាជាអាវុធ អាចបាញ់ប្រហារបាន៕
