ភ្នំពេញ៖ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ប្រាប់សារព័ត៌មានត្រយងនៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះថា លោក ខេង យ័ន អតីតអភិបាលកែបត្រូវបាន ACU បញ្ជូនខ្លួនទៅតុលាការជាប់ពាក់ព័ន្ធរំលោភអំណាច និងការលាងសម្អាតប្រាក់។ ការបញ្ជូនទៅតុលាការនេះ គឺបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនលោក ខេង យ័ន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។

លោក ខេង យ័ន អតីតអភិបាលកែប។
ចំពោះសំណុំរឿងរបស់លោក ខេង យ័ន ដែលអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅតុលាការ គឺមានជាប់ពាក់ព័ន្ធទៅនឹងករណីចំពោះពីរ ទី១. ពីបទរំលោភអំណាចដែលមានចែងក្នុងមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងទី២. ពីបទលាងសម្អាតប្រាក់”។
សូមស្តាប់ការពន្យល់បន្ថែមរបស់លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ជុំវិញការប្រព្រឹត្តិពាក់ព័ន្ធការរំលោភអំណាច និងការលាងសម្អាតប្រាក់៖

លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ(ACU)
គួររំលឹកថា អតីតអភិបាលក្រុងកែបដែលមានឋានន្តរស័ក្កិវរមន្រ្តី ថ្នាក់លេខ២ រូបនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្រេចចេញអនុក្រឹត្យបញ្ចប់មុខតំណែងកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។
លោក ខេង យ័ន ធ្លាប់ត្រូវបានសារព័ត៌មានក្នុងស្រុកជាច្រើនចុះផ្សាយពីករណីមន្រ្តីអង្គភាពប្រឆាំងអំពើពុករលួយ(ACU)ចុះចាប់ឃាត់ខ្លួនរួមជាមួយមន្រ្តីនាយករដ្ឋបាលមួយរូបទៀតកាលពីថ្ងៃទី០២ ខែមករា ដោយពុំដឹងមូលហេតុច្បាស់លាស់ផងដែរ។
ទាក់ទងនឹងការចុះផ្សាយព័ត៌មានយ៉ាងព្រោងព្រាតថា មន្រ្តី ACU ចុះចាប់ខ្លួនលោកអភិបាលក្រុងកែបនិងនាយករដ្ឋបាល អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានបដិសេធថា គ្មានហេតុការណ៍ចាប់ខ្លួនមន្រ្តីទាំងពីររូបអ្វីនោះទេ។ ក៏ប៉ុន្តែរឿងនេះ មន្រ្តីសាលាខេត្តកែបបញ្ជាក់ថា ជាការចាប់ភ័ន្តច្រលំ៕
