ភ្នំពេញ ៖ ជាប្រជាការពារសង្កាត់ បានស្លាប់ភ្លាមនៅកន្លែង ចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តមិនចាំម៉ាកបើកបុកពីក្រោយម៉ូតូហុងដាឌ្រីម ប្លោងខ្ទាតទៅបុកផ្ទប់ម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀត កំពុងជិះច្រាសទិសគ្នា កាលពីវេលាម៉ោង៦និង៤៥នាទីព្រលប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវលេខ៣៦៩ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះបានស្លាប់ មានឈ្មោះ ឈិត វណ្ណា ភេទប្រុស អាយុ៤១ឆ្នាំ ជាប្រជាការពារសង្កាត់ មានទីលំនៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ជិះម៉ូតូហុងដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FE-2113 ជាមធ្យោបាយ ។ ចំណែកជនរងគ្រោះម្នាក់ រងរបួសធ្ងន់ មានឈ្មោះ សំណាង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ជិះម៉ូតូ មួយគ្រឿងម៉ាកហុងដាឌ្រី សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HB-7253 ជាមធ្យោបាយ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជាប្រជាការពារ ជិះពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង មិនចាំម៉ាកបើកលឿនជ្រុលបុកពីក្រោយ ប្លោងបុកផ្ទប់ជាមួយ ម៉ូតូមួយគ្រឿងទៀតកំពុងជិះច្រាសទិសគ្នា បណ្តាលឱ្យស្លាប់ប្រជាការពារម្នាក់ រងរបួសធ្ងន់ធ្ងរម្នាក់ រថយន្តបង្កបើកគេចទៅបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកច្បារអំពៅដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ។ ចំណែកសាកសពជនរងគ្រោះម្នាក់ សមត្ថកិច្ចពិនិត្យ ធ្វើកំណត់ហេតុរួច ប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែក ម៉ូតូទាំង២គ្រឿង ប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ យកទៅរក្សាទុក និងបន្តស្រាវជ្រាវស្វែងរករថយន្តបង្ក មកដោះស្រាយតាមច្បាប់៕

អត្ថបទ៖ តាតុងសែនជ័យ

Share.