នំពេញ៖ ក្រោយធ្វើការស៊ើបសួរ និងស្តាប់ចម្លើយរបស់គូភាគី អយ្យកាអមសាលាដំបូងខេត្តសៀមរាបបានសម្រេចអនុញ្ញាតឱ្យជនសង្ស័យចំនួនពីរនាក់ដែលបានប្រើប្រាស់ហិង្សាលើអ្នកលក់អណ្តើកនៅកសិន្ទុអង្គរ វិលត្រឡប់ទៅលំនៅដ្ឋានវិញជាបណ្តោះអាសន្ន ដោយសំណុំរឿង តំណាងអយ្យការនឹងត្រូវបន្តចាត់ការទៅតាមនីតិវិធីស្របតាមច្បាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។

ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការខេត្តសៀមរាប បានពន្យល់ពីការសម្រេចឱ្យជនសង្ស័យដែលជាបុគ្គលិកអាជ្ញាធរជាតិអប្សរាត្រឡប់ទៅផ្ទះបែបនេះ ព្រោះករណីនេះ ជនរងគ្រោះឈ្មោះ ណុល សំណាង ភេទប្រុស អាយុ ២០ឆ្នាំនិងបក្ខពួកបាននាំគ្នាទៅចាប់សត្វអណ្ដើកនៅក្នុងកសិន្ទុអង្គរ បំពានការហាមឃាត់ធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកទស្សនាប្រាសាទអង្គរវត្ត។ បើតាមតុលាការជនរងគ្រោះមិនបានស្តាប់តាមការណែនាំរបស់បុគ្គលិកអប្សរាដែលហាមមិនឱ្យចាប់អណ្តើកប៉ុណ្ណោះទេ តែថែមទាំងបានជេរប្រមាថលើបុគ្គលិកទាំងពីរនាក់ថែមទៀត ទើបធ្វើឱ្យបុគ្គលិកខឹងសម្បរឈានទៅប្រើហិង្សាតែម្តង។

រូបភាពហិង្សាដែលបណ្តាញសង្គមបង្ហោះចែករំលែកតៗគ្នា។

ហេតុផលមួយទៀត ដែលតុលាការសម្រេចឱ្យបុគ្គលិកអាជ្ញាធរអប្សរាត្រឡប់ទៅផ្ទះវិញនោះ គឺបុគ្គលិកទាំងពីរបានសម្តែងការសោកស្តាយ និងទទួលស្គាល់កំហុសសុំទោសដល់អាណាព្យាបាល និងជនរងគ្រោះ ព្រមទាំងបានសងសំណងសមរម្យ ហើយជនរងគ្រោះបានដកពាក្យបណ្ដឹង និងឈប់ប្តឹងក្នុងរឿងនេះតទៅទៀត។ មួយទៀតដែរ ករណីនេះមេធាវីការពារក្តីជូនជនសង្ស័យដាក់ពាក្យស្នើសុំធានាត្រឹមត្រូវដល់ជនសង្ស័យ ថានឹងចូលខ្លួនមកវិញនៅគ្រប់ ដំណាក់កាលនីតិវិធីរបស់តុលាការ បូករួមនឹងជនសង្ស័យទាំងពីរមានបន្ទុកគ្រួសារត្រូវរកប្រាក់ចំណូលផ្គត់ផ្គង់ចិញ្ចឹមប្រពន្ធ កូន ផងនោះ ទើបតុលាការអនុញ្ញាតឱ្យជនសង្ស័យត្រឡប់ទៅផ្ទះវិញបណ្តោះអាសន្ន។

សូមរំលឹកថា ករណីបុគ្គលិកអាជ្ញាធរជាតិអប្សរាបង្កហិង្សាលើអ្នកលក់អណ្តើកកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចស្ពានបណ្ដែតទឹក មុខប្រាសាទអង្គរ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមបង្ហោះយ៉ាងព្រោងព្រាត ដោយរិះគន់ថ្កោលទោសចំពោះទង្វើហិង្សាលើកុមារបែបនេះ។ បន្ទាប់មកគឺថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីប្រកាសព័ត៌មានដោយសម្តែងការសោកស្តាយ និងបានប្រើវិធានការអប់រំ ធ្វើកិច្ចសន្យាលើបុគ្គលិករបស់ខ្លួនដែលប្រព្រឹត្តិខុសវិន័យនិងបទបញ្ជារបស់អាជ្ញាធរអប្សរា។

ភ្ជាប់នឹងករណីនេះ អាជ្ញាធរជាតិអប្សរាតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន បានអំពាវនាវដល់សាធារណជន​ សូមកុំលក់និងយកសត្វគ្រប់ប្រភេទទៅលែងនៅកសិន្ទុទឹកអង្គរ ព្រោះអាចប៉ះពាល់ដល់សត្វនិងរុក្ខជាតិដែលមានក្នុងកសិន្ទុទឹកអង្គរបាន៕

Share.