ភ្នំពេញ៖អ្នកនាំពាក្យក្រសួងកសិកម្មបញ្ជាក់ថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ ក្រុមការងារពាក់ព័ន្ធរួមមាន មន្រ្តីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយអាជ្ញាធរដែនដី បាននិងកំពុងបន្តសិក្សា វិភាគលើសត្វជ្រូកផ្សេងៗទៀត ករណីរកឃើញថាមានផ្ទុកជំងឺ ប៉េស្តជ្រូក នោះក្រុមការងារនឹងកម្ទេចចោល ដើម្បីទប់ស្កាត់ការចម្លងទៅកាន់ជ្រូកផ្សេងៗទៀតជាបន្តបន្ទាប់។

ជ្រូកឈឺជំងឺសង្ស័យថាប៉េស្តជ្រូក។
លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មប្រាប់សារព័ត៌មានត្រយងបន្ថែមទៀតថា ករណីផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកនេះ គឺមិនទាន់មានការរីករាលដាលទៅតំបន់ខេត្តផ្សេងៗនោះទេ ពោលគឺរកឃើញតែនៅក្នុងស្រុកកំពង់ រោទ៌ ខេត្តស្វាយរៀងតែប៉ុណ្ណោះ ។ លោកជំទាវបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នមន្រ្តីពាក់ព័ន្ធកំពុងប្រើវិធានការពិនិត្យ វិភាគ លើជ្រូកក្នុងតំបន់នោះ និងបានបាញ់ថ្នាំសម្លាប់មេរោគទប់ស្កាត់ការចម្លង ដោយលទ្ធផលវិភាគឃើញយ៉ាងណា នោះក្រុមមន្រ្តីជំនាញនឹងផ្សព្វផ្សាយជាបន្តបន្ទាប់ពេលក្រោយ។

លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម
សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ មានករណីជ្រូកងាប់ជាបន្តបន្ទាប់របស់គ្រួសារកសិករស្ថិតនៅភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពង់រោទ៌ ដោយសង្ស័យថាជាជំងឺ ប៉េស្តជ្រូក។ មន្រ្តីការិយាល័យពេទ្យសត្វស្រុកកំពង់រោទ៌ ប្រាប់សារព័ត៌មានក្នុងស្រុកថា ការឆ្លងបណ្តាលឱ្យមានជ្រូកងាប់ច្រើនបែបនេះ ដ្បិតម្ចាស់អ្នកចិញ្ចឹមដែលមានជ្រូកឈឺ ពុំបានរាយការណ៍ជូនមន្ត្រីពេទ្យសត្វភូមិឃុំទេ ហើយព្យាបាលដោយខ្លួនឯង និងបានកាប់សាច់លក់ពេលមើលមិនជា។ ករណីនេះមន្រ្តីការិយាល័យពេទ្យសត្វស្រុកកំពង់រោទ៌ បញ្ជាក់ថា ការកើតមានបញ្ហាជំងឺប៉េស្តជ្រូកនេះកើតឡើងតាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤មកម្ល៉េះ និងបានងាប់កាន់តែច្រើនឡើងៗ។
មន្រ្តីការិយាល័យពេទ្យសត្វស្រុកកំពង់រោទ៌អំពាវនាវដល់ប្រជាកសិករទាំងអស់ករណីមានជ្រូកឈឺជាបន្តបន្ទាប់ដោយសង្ស័យជំងឺប៉េស្តជ្រូក ត្រូវប្រញាប់រាយការណ៍មកមន្ត្រីពាក់ព័ន្ធ ដោយពុំត្រូវយកទៅទទួលទានឬយកទៅកាប់សាច់លក់នោះឡើយ៕
