សិល្បៈជាតិ៖ មែនទែនទៅទំនាស់រវាង លោកខ្មែរមួយជីវិត ដែលជា Judge នៃកម្មវិធី The Rapper Cambodia រដូវកាលទីមួយ ជាមួយនឹងឧកញ៉ា ខេមរៈ សិរីមន្ត ផ្ដើមចេញពីការទៅចូលរួមក្នុងកម្មវិធី Podcast មួយរបស់លោកខ្មែរមួយជីវិត ក្នុងនាមជាភ្ញៀវកិត្តិយស ដោយក្នុងនោះលោកបាននិយាយចំៗ ព្រមទាំងលើកឈ្មោះកំពូលតារាចម្រៀងជើងចាស់ដ៏ល្បីល្បាញពីរដួងរបស់ព្រះរាជាណាចក្រកម្ពុជាគឺ ឧកញ៉ា ព្រាប សុវត្ថិ និង ឧកញ៉ា ខេមរៈ សិរីមន្ត មកធ្វើពិពណ៌នា ដែលពាក្យសម្ដីទាំងអស់នោះ ត្រូវបានតារាចម្រៀងមានងារជាឧកញ៉ា ខេមរៈ សិរីមន្ត ចេញមកប្រតិកម្មតបតភ្លាម បែបមិនសំចៃមាត់ ថែមទាំងបានលើកឡើងថាលោកស្ថិតក្នុងរង្វង់សិល្បៈ២០ឆ្នាំមកហើយ តើនូវមានចង្វាក់បែបណាទៀតដែលលោកមិនធ្លាប់បានច្រៀងឱ្យគាំទ្រស្ដាប់នោះ?

ទំនាស់ផ្លែផ្កាសម្ដីឱ្យគ្នារវាងតារាចម្រៀងទាំងពីរដួងនេះ ទំនងជាមិនទាន់រកទីបញ្ចប់បាននៅឡើយព្រោះភាគីទាំងពីរបានបន្តផ្លោងសម្ដីឱ្យគ្នាប្រៀបដូចជាអាយ៉ៃឆ្លើយឆ្លង ចំណែកឯហ្វេនដែលជាអ្នកគាំទ្ររបស់តារាទាំងពីរដួងក៏បានចេញមកគាំទ្រនិងការពារតារាដែលខ្លួនស្រលាញ់ផងដែរ។


យ៉ាងណាមិញបើងាកមកចាប់អារម្មណ៍លោក ខាំ ភូរិ ដែលជាមនុស្សមានឥទ្ធិពលមួយរូបក្នុងរង្វង់សិល្បៈ លោកមិនសូវជាអ្នកនិយមទើស ឬឈើឆ្អាលរឿងឥតប្រយោជន៍នោះឡើយ ប៉ុន្តែនៅថ្ងៃទី១៤ ខែមករា កន្លងទៅ លោកបែរជាចេញមកទទួលស្គាល់ថា ពីមុនមិនចូលចិត្តស្ដាប់បទចម្រៀងប្រភេទ រ៉េប នោះឡើយ ព្រោះធ្លាប់ឮគេច្រៀងជេរគ្នាដូចពួកបាតសង្គម តែលោកបានផ្លាស់ប្ដូរទស្សនៈ ក្រោយស្ដាប់បទចម្រៀង J+O របស់ តារាចម្រៀងរ៉េប វណ្ណដា។ បើមើលតាមមតិរបស់អ្នកដឹកនាំរឿងភាគបុរាណខ្មែររឿង «ក្រយាស្នេហ៍» លោកហាក់ស្ថិតនៅកណ្ដាលមិនដាក់បន្ទុកលើអ្នកណាម្នាក់នោះឡើយ គ្រាន់តែលោកផ្ដាំទៅកាន់អ្នកដែលលើកយកឈ្មោះដទៃ មកនិយាយជាសាធារណៈ គួរតែហ៊ានសុំទោស ហើយមិនគួរតបតបន្ថែមដោយខ្វះការទទួលខុសត្រូវនោះឡើយ។


លោក ខាំ ភូរិ បានលើកយ៉ាងដូច្នេះ៖ «និយាយតាមត្រង់ទៅ ពីមុនខ្ញុំមិនចេះស្តាប់បទចម្រៀងប្រភេទបែប រ៉េប ទេ ព្រោះខ្ញុំជាមនុស្សបុរាណនិយមបន្តិច។ ពេលខ្លះក៏បានលឺបទចម្រៀងជេរគ្នាដូចពួកបាតសង្គម តែក៏បានដឹងដែរថានេះជាទម្រង់នៃបទប្រភេទនេះ ក៏បើកចិត្តទទួលយកបន្តិច។ សារភាពទៅខ្ញុំបានទទួលយក និងចាប់ផ្តើមស្តាប់បទបែបនេះ នៅពេលដែលមានវត្តមានបទចម្រៀង វណ្ណដា ច្រៀងបទ Jo+2 ហើយក៏បានលួចសរសើរពីស្នាដៃល្អឥតខ្ចោះនៃការតែងនិពន្ធ ។ ខ្ញុំក៏បានទៅឆែកមើលបទផ្សេងៗទៀតដែលគាត់បានផលិតឡើង ក៏ចាប់ផ្តើមទទួលយករសជាតិមួយនេះរហូតមក។ វណ្ណដា បានផ្លាស់ប្តូររសនិយមនៃការស្តាប់ចម្រៀងក្នុងយុគសម័យនេះ ក្នុងប្រទេសកម្ពុជាទាំងមូល។ មិនថាវ័យប្រហែលខ្ញុំ ឬលើសខ្ញុំបន្តិចបានចាប់ផ្តើមទទួលយកចម្រៀងបែបរ៉េបនេះផងដែរ នេះជាអ្វីដែលយើងត្រូវហ៊ានទទួលស្គាល់ការពិតក្នុងយុគចម្រៀងសម័យទំនេីប។ លូកចូលក្នុងសង្គ្រាមពាក្យសម្តីរវាងតារារ៉េបមួយរូប និងកំពូលតារាចម្រៀងប្រចាំប្រទេស ខ្ញុំសុំឈរកណ្តាល តែទាញចំណាប់អារម្មណ៍ប្អូនដែលបានទាញយកឈ្មោះ សិល្បកររៀមច្បង មកវាយតម្លៃថាបែបនេះឬបែបនោះ វាជារឿងគួរអោយសោកស្តាយ ហោចណាស់ក៏ត្រូវហ៊ានទទួលស្គាល់ពីសមត្ថភាពពួកគាត់ដែលបានឈរជើងជាងម្ភៃឆ្នាំលើវិស័យមួយនេះរួចទៅហើយ ហើយការវាយតម្លៃបែបណា នោះទស្សនិកជន ក៏បានដាក់ពិន្ទុរួចហើយដែរ។ ប្អូនហ៊ានលើកយកឈ្មោះគេមកនិយាយជាសាធារណៈ ប៉ះពាល់ដល់សិទ្ធិ និងអារម្មណ៍ជាលក្ខណ:បុគ្គលគេ គួរហ៊ានសុំទោស មិនគួរតបតបន្ថែមដោយខ្វះការទទួលខុសត្រូវទេ។»

មតិយោបល់ដ៏មានខ្លឹមសាររបស់លោកត្រូវបានសាធារណជន និងអ្នកស្ថិតក្នុងរង្វង់សិល្បៈចូលមកកោតសរសើរ និងគាំទ្រទៅនឹងអ្វីដែលបានលើកឡើងទាំងស្រុង។
គួរដឹងថា លោក ខាំ ភូរិ គឺជាបុគ្គលម្នាក់ដែលមានការគោរពស្រលាញ់ និងរាប់អានពីអ្នកសិល្បៈ ទាំងបុរាណ និងសម័យ។ ស្ថិតក្នុងរង្វង់សិល្បៈនិងមានបទពិសោធន៍ច្រើនឆ្នាំ លោកមានស្នាដៃទាំងនិពន្ធ ទំនុកច្រៀង ដឹកនាំ ចម្រៀងកាយវិការ ភាពយន្ត និងស្ពតពាណិជ្ជកម្ម ហើយលោកក៏ជាអ្នករៀបចំកម្មវិធីសិល្បៈធំៗថ្នាក់ជាតិផងដែរ៕

