យោងតាមមន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ ថា ប្រទេសដីកោះម៉ាល់ឌីវ បានអំពាវនាវឱ្យឥណ្ឌាដកទ័ពចេញពីទឹកដីរបស់ខ្លួនត្រឹមថ្ងៃទី១៥ ខែមីនា ដែលជាជំហានមួយអាចនឹងធ្វើឱ្យទំនាក់ទំនងកាន់តែកាន់តែមានភាពតានតឹងរវាងប្រទេសជិតខាងក្នុងតំបន់អាស៊ីខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ CNA នាថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤។

ការស្នើឱ្យដកចេញពីទឹកដីម៉ាឌីវនេះ ធ្វើឡើងក្នុងកិច្ចប្រជុំនៅ​ឯក្រសួងការបរទេសរវាងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំង២។ តាមប្រធានគោលនយោបាយនៃការិយាល័យប្រធានាធិបតីលោក Ahmed Nazim បានប្រាប់អ្នកយកព័ត៌មានថា «នៅក្នុងកិច្ចប្រជុំនេះ ក្នុងនាមប្រធានាធិបតី Mohamed Muizzu គណៈប្រតិភូ​ម៉ាឌីវបានស្នើឱ្យកងទ័ពឥណ្ឌាចាកចេញ ត្រឹមថ្ងៃទី១៥ ខែមីនា ខាងមុខនេះ។ កាលបរិច្ឆេទនេះត្រូវបានស្នើឡើងក្នុងរបៀបវារៈរបស់រដ្ឋាភិបាល និងជាពិសេសដោយប្រធានាធិបតី ហើយការពិភាក្សាទាំងនេះកំពុងបន្ត»។

នៅក្នុងនោះដែរ លោកប្រធានាធិបតី Muizzu បានហៅឥទ្ធិពលដ៏ធំរបស់ទីក្រុង New Delhi ថា ជាការគំរាមកំហែងដល់អធិបតេយ្យភាព ហើយបានសន្យាថានឹងដកកងទ័ពឥណ្ឌាចេញពីទឹកដីរបស់ខ្លួន។ ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើរសុំការអត្ថាធិប្បាយនោះទេ។

ប្រធានាធិបតី Mohamed Muizzu បានឈ្នះការបោះឆ្នោតកាលពីឆ្នាំមុនជាមួយនឹងការសន្យាថា នឹងបញ្ចប់គោលនយោបាយដំបូងជាមួយឥណ្ឌាដំបូង របស់ម៉ាល់ឌីវ នៅក្នុងតំបន់មួយដែលទីក្រុង New Delhi និងទីក្រុងប៉េកាំងប្រកួតប្រជែងដណ្តើមឥទ្ធិពលគ្នា។

សូមជម្រាបថា ទាហានឥណ្ឌាប្រហែល ៨០នាក់កំពុងឈរជើងនៅលើប្រជុំកោះនៃមហាសមុទ្រឥណ្ឌា ដើម្បីផ្តល់ការគាំទ្រសម្រាប់សម្ភារៈយោធារបស់ទីក្រុងញូវដេលី ទៅឱ្យម៉ាល់ឌីវ និងជួយដល់សកម្មភាពមនុស្សធម៌នៅក្នុងតំបន់ផងដែរ៕

ប្រភព៖ CNA

Share.