ភ្នំពេញ ៖ មនុស្ស២នាក់រងរបួសធ្ងន់ ម្នាក់បាក់ភ្លៅ ម្នាក់បែកក្បាល សន្លប់ឈឹងនៅកន្លែង ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ២គ្រឿងជិះបុកគ្នា កាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះទាំង២នាក់ ៖ ទី១ ឈ្មោះ ជ័យ រិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់នៅភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រងរបួសបាក់ភ្លៅឆ្វេង ជិះម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AE-19109 ។ ទី២ ឈ្មោះ ឈន ចាន់ពីន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅ ភូមិត្រពាំងជ្រៃ សង្កាត់កាបទី២ ខណ្ឌពោធិសែនជ័យ រងរបួសបែកមុខ បែកក្បាល ជិះម៉ូតូ ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KH-5804 ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ភាគីខាងម៉ូតូ ហុងដាឌ្រីម ជិះពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បត់ឆ្វេង ស្រាប់តែ ភាគីម៉ូតូ ស្កុបពី ជិះល្បឿនលឿន ពីជើងទៅត្បូង វ៉ាក់អើហ្វ្រាំងមិនទាន់ ជ្រុលបុកពីក្រោយ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ ។

ជនរងគ្រោះទាំង២នាក់ ក្រោយកើតហេតុ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិចិនតុង ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ រីឯមធ្យោបាយ ម៉ូតូទាំង២គ្រឿង ប្រគល់ឱ្យសមត្ថកិច្ច វាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ រងចាំភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយទៀត ៕

អត្ថបទ៖ តាតុងសែនជ័យ

