ភ្នំពេញ៖គិតត្រឹមថ្ងៃទី១៤ និងទី១៥ ខែមករា ឆ្នាំ២០២៤នេះ មានអាជ្ញាធរខេត្តចំនួន៣ បានចុះទៅជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករតាមរយៈការស្តារប្រឡាយ និងដាក់ម៉ាស៊ីបូមទឹកបញ្ចូលតាមប្រព័ន្ធស្រោចស្រពនានាក្នុងមូលដ្ឋាន ខណៈដំណាំស្រូវប្រាំងលើកទី១ របស់ប្រជាពលរដ្ឋកំពុងប្រឈមការខូចខាតដោយសារខ្វះខាតទឹក។ នេះបើទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង កំពង់ចាម និងតាកែវ។

មន្រ្តីចុះបូមទឹកជួយសង្គ្រោះស្រូវប្រជាពលរដ្ឋ។

ផ្តើមដំបូងពីខេត្តកំពង់ឆ្នាំង ដោយយោងតាមទំព័រហ្វេសប៊ុករដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមករា នេះ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះស្ដារប្រឡាយ១ខ្សែ ប្រវែង៥៤០០ម៉ែត្រនៅចំណុចអាជ្ញាមាន់ ក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ដើម្បីនាំទឹកស្រោចស្រពស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ ចំនួន៤ភូមិ ក្នុងឃុំគោកបន្ទាយ។ ដោយឡែកកាលពីថ្ងៃទី១៤ ខែមករា មន្ទីរ និងក្រសួងធនធានទឹក និងឧតុនិយម នឹងដាក់ម៉ាស៊ីនបូមទឹកធំៗចំនួន៧គ្រឿង បូមទឹកជួយសង្គ្រោះស្រែប្រាំងនៅក្នុងឃុំគោកបន្ទាយ បានប្រមាណ ៣៨០ ហិកតាក្នុងចំណោមស្រូវខ្វះទឹក៤០០ហិកតា។

មន្រ្តីប្រើគ្រឿងចក្រស្តារប្រឡាយទឹកជួយសង្គ្រោះស្រូវប្រជាពលរដ្ឋ។

ងាកមកខេត្តកំពង់ចាមវិញ តាមរយៈសារព័ត៌មានក្នុងស្រុកគឺអភិបាលខេត្តកំពង់ចាមនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះដែរ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់ ជួយដោះស្រាយបញ្ហាកង្វះទឹកដោយបញ្ចូលទឹកក្នុងស្រែប្រាំងក្នុងទំហំផ្ទៃដីជាង១,០០០ ហិកតា ជូនប្រជាកសិករ នៅស្រុកជើងព្រៃ និងស្រុកបាធាយ។ តែយ៉ាងណាសម្រាប់ ឃុំតាំងក្រសាំង ស្រុកបាធាយ នៅមានផ្ទៃដីដាំស្រូវជាង ៥០០ហិកតា កំពុងជួបប្រទះការខ្វះទឹក។ រីឯស្រុកជើងព្រៃវិញ មានឃុំសំពងជ័យ និងឃុំព្រីងជ្រុំ សរុប ៨ភូមិ មានផ្ទៃដីជាង ៩០០ហិកតា កំពុងតែប្រឈមនឹងការខ្វះទឹក។

ស្រូវប្រាំងរបស់កសិករជិតទទួលផលតែប្រឈមខ្វះទឹក។

ដំណោះស្រាយចំពោះមុខនេះ អភិបាលខេត្តកំពង់ចាម បានជំរុញដល់អាជ្ញាធរស្រុកព្រៃឈរ និងសហគមន៍អាងទឹកថ្មដា សហការជាមួយមន្ត្រី នៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាម ជួយកាយប្រឡាយបន្ថែម ពោលគឺយ៉ាងយូរ ២ទៅ ៣ថ្ងៃទៀត ទឹកនឹងធ្លាក់ដល់ឃុំព្រីងជ្រុំ។

នៅខេត្តតាកែវឯណ្ណោះវិញ ខណៈដែលខេត្តទើបប្រកាសឱ្យប្រជាកសិករផ្អាកធ្វើស្រែប្រាំងលើកទី២ ដែរនោះ គឺកាលពីម្សិលមិញ អភិបាលខេត្តតាកែវ បានដឹកនាំមន្រ្តីជំនាញ ចុះជួយបូមទឹកសង្រ្គោះដំណាំស្រូវប្រាំងលើកទី១ ចំនួន ៥១៧ហិកតា នៅភូមិសាស្រ្តស្រុកបាទី។

ក្នុងឱកាសនោះ អភិបាលខេត្ត បានបន្តដឹកនាំមន្រ្តីជំនាញ និង អាជ្ញាធរស្រុកបាទី ប្រជាពលរដ្ឋចូលរួមស្ដារ ត្រកៀត ស្មៅ ត្រឹប  នៅចំណុចស្ថានីយ៍បូមទឹក ហ៊ុន សែន ទី ២២ និង២៣ ស្ថិតនៅភូមិទន្លេរបាទី ឃុំក្រាំងធ្នង់ សម្រួលចរន្តមុខទឹក ដើម្បីបង្ហូរចូលប្រឡាយទឹកមេ (ហនុមាន) ដែលមានលទ្ធភាពជួយស្រោចស្រពដីស្រែចំនួន ៧ឃុំ៖ ឃុំក្រាំងធ្នង់ ឃុំកណ្ដឹង ឃុំត្រពាំងសាប ឃុំចំប៉ី ឃុំពារាម និងឃុំត្នោត ដែលមានផ្ទៃដីស្រូវប្រាំងលើកទី១ ចំនួន ១២៥០ហិកតា។

ជាការកត់សម្គាល់ ការដឹកនាំពីសំណាក់មន្រ្តីខេត្តចុះជួយស្តារនិងបូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋនេះ កើតឡើងបន្ទាប់ពីខេត្តមួយចំនួនបានប្រកាសអំពាវនាវឱ្យប្រជាកសិករដែលមានបំណងធ្វើស្រែប្រាំងលើកទី២ ត្រូវផ្អាកសិន ដ្បិតប្រភពទឹកដែលមានមិនគ្រប់គ្រាន់សម្រាប់បង្កបង្កើនផលស្រូវនោះឡើយ។ ក្រសួងបញ្ជាក់ថា ប្រភពទឹកដែលមានគឺទុកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃខ្លះ ហើយបាតុភាពខ្វះខាតទឹកនេះ ក្រសួងបញ្ជាក់ថា មកពីកសិករសម្រុកធ្វើស្រែប្រាំងច្រើនព្រោះស្រូវលក់បានថ្លៃនៅឆ្នាំនេះ៕

Share.