ភ្នំពេញ៖ ត្រឹមតែមួយថ្ងៃប៉ុណ្ណោះគឺកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ម្សិលមិញ អាជ្ញាធរជាតិអប្សរាបានជួយ សង្គ្រោះបឋមដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតបានចំនួន២នាក់ និងបានប្រគល់សម្ភារៈជូនភ្ញៀវវិញករណីភ្ញៀវបានភ្លេចនៅតាមប្រសាទ ចំណែកសម្ភារៈមួយចំនួនដែលពុំទាន់ឃើញម្ចាស់មកទទួលអាជ្ញាធរបានរក្សាទុកនិងប្រកាស លេខទូរស័ព្ទរង់ចាំម្ចាស់កម្មសិទ្ធិមកទទួលយកវិញ។

ក្រុមការងារជួយសង្គ្រោះភ្ញៀវម្នាក់ដែលមានអាការៈងងឹតមុខ។
ផ្អែកតាមទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ម្សិលមិញ បានបង្ហោះរូបភាពនិងខ្លឹមសារមួយចំនួនជុំវិញប្រតិបត្តិការជួយសង្គ្រោះបឋមជូនភ្ញៀវទេសចរដែលមានបញ្ហាសុខភាពនិងរាងកាយ ជាមួយការភ្លេចទ្រព្យសម្បត្តិនិងសម្ភារៈនៅតាមប្រាសាទនានា។

ក្រុមការងារជួយសង្គ្រោះបឋមជូនភ្ញៀវករណីដួលក្រិចកជើង។
ទាក់ទងករណីសង្គ្រោះបឋមជូនភ្ញៀវទេសចរ គឺអាជ្ញាធរអប្សរាបានជួយសង្គ្រោះបឋមដល់ភ្ញៀវជនជាតិខ្មែរម្នាក់ ភេទប្រុស អាយុ៦១ឆ្នាំ ដែលមានអាការៈខ្យល់ចាប់ និងងងឹតមុខ ខណៈកំពុងទស្សនាប្រាសាទនៅរួតទី២ ខាងត្បូងប្រាសាទបាយ័ន។ ភ្លាមៗនោះភ្នាក់ងារទេសចរណ៍ប្រចាំការនៅទីនោះ បានជួយសង្រ្គោះបឋមជូនភ្ញៀវ និងបន្ទាប់ពីបានធូរស្បើយបន្តិចភ្ញៀវទេសចររូបនោះ បានត្រលប់ទៅគេហដ្ឋានវិញ។

ក្រុមការងារបានដឹកភ្ញៀវដល់កង់បីដើម្បីបន្តទៅមន្ទីរពេទ្យ។
ករណីជួយសង្គ្រោះបឋមមួយទៀតនោះ គឺបុគ្គលិកអាជ្ញាធរអប្សរាបានជួយភ្ងៀវទេសចរជនជាតិបារាំងម្នាក់ ភេទស្រី ដែលបានដួលក្រិចកជើងខាងឆ្វេង នៅចំណុចរានហាលខាងលិច និងបានជួយដឹកទៅកាន់រ៉ឺម៉ករបស់ភ្ញៀវដើម្បីបញ្ចូនទៅកាន់មន្ទីពេទ្យ។
រីឯករណីទាក់ទងប្រទះឃើញទ្រព្យសម្បត្តិរបស់ភ្ញៀវវិញ គឺភ្នាក់ងារទេសចរណ៍ប្រាសាទបន្ទាយសំរ៉ែ និងភ្នំបូកបានប្រទះឃើញកាបូបពណ៌ខ្មៅលាយទឹកដោះគោមួយ នៅចំណុចតួប៉មកណ្ដាលប្រាសាទបន្ទាយសំរ៉ែ ហើយបានប្រគល់ជូនម្ចាស់កាបូបជាភ្ញៀវទេសចរជនជាតិបារាំងវិញ។

ភ្នាក់ងារប្រគល់ជូនសម្ភារៈដល់ភ្ញៀវវិញបន្ទាប់ពីឃើញម្ចាស់។
និងករណីប្រទះឃើញកាបូបដៃពណ៌ខ្មៅមួយ ទូរសព្ទ័ដៃមួយគ្រឿង ម៉ាកHUAWEI មួយគ្រឿង និង ipad មួយគ្រឿង ភ្នាក់ងារទេសចរណ៍បានធ្វើការប្រគល់ជូននគរ បាលទេសចរណ៍ដើម្បីរង់ចាំម្ចាស់មកទទួលយកវិញ។
សម្រាប់ការទំនាក់ទំនងមកទទួលសម្ភារៈវិញ អាចទាក់ទងមកកាន់លេខក្រុមការងារដែលមានលេខ 063 76 55 77៕
