ភ្នំពេញ ៖ ក្នុងរយៈពេលពីរសប្ដាហ៍ គិតពីថ្ងៃទី២ ដល់ថ្ងៃទី១៤ ខែមករា  ឆ្នាំថ្មីនេះ មានជនសង្ស័យ ៦៨២ នាក់ត្រូវបានឃាត់ខ្លួនលើបទល្មើសគ្រឿងញៀន(ធន់ល្មម)សរុប២៩០ករណីសរុបទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ)។

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

តួលេខនេះ គឺជាលទ្ធផលទូទាំងប្រទេសដែលសមត្ថកិច្ចគ្រប់ផ្នែកសំខាន់ៗ នៃក្រសួងមហាផ្ទៃបានប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវ  ស្របតាមនីតិវិធីដែលកំណត់ដោយច្បាប់ និងមានការចូលរួមផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋ។ អ្នកនាំពាក្យរងរូបនេះ បានបង្ហើបបន្ថែមទៀតថា ជនសង្ស័យទាំង ៦៨២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀនទ្រង់ទ្រាយ ធន់ល្មម  ខណៈសមត្ថកិច្ចបានចាត់ការលើករណីជួយដូរទ្រង់ទ្រាយធំមួយករណីផងដែរ នៅថ្ងៃទី ៨ ខែមករា។  

ករណីទ្រង់ទ្រាយធំនេះ  កើតឡើងនៅច្រករបៀងអូរតាលឹម ក្នុងភូមិសាស្ត្រ ភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ព្រំប្រទល់ខេត្តស្ទឹងត្រែង និងព្រះវិហារ ដោយចាប់យកវត្ថុតាង មានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ១៦០កញ្ចប់ ទម្ងន់ ១៥៩គីឡូក្រាម និង ៤៤៩.៨៦ក្រាម  និងគោយន្តកន្ត្រៃ ០១គ្រឿង ខណៈជនសង្ស័យ ០២រូប ភេទប្រុស រត់គេចខ្លួនពេលសមត្ថកិច្ចចុះបង្ក្រាប។​

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបញ្ជាក់ថា លទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើនេះដែរ  គឺជាការបង្ហាញកិច្ចខិតខំប្រឹងប្រែងទ្វេដង អនុវត្តតួនាទីភារកិច្ច បទបញ្ជាយ៉ាង ម៉ឹងម៉ាត់ ពីសំណាក់អគ្គស្នងការដ្ឋានគរបាលជាតិ  បណ្ដាស្នងការដ្ឋានរាជធានីខេត្ត និងអធិដ្ឋាន ក៏ដូចជាប៉ុស្តិ៍នគរបាលនៅទូទាំងប្រទេស។ ចំពោះការអនុវត្តនេះ គឺជាទិសដៅអាទិភាពមួយ ក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញបន្ទាប់ពីលោកបានកាន់តួនាទីនេះ។ ទិសដៅអាទិភាពទាំង៦នោះ រួមមាន បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា៕

Share.