យុវជនម្នាក់បានលង់ទឹកស្រះរណ្តៅដីចាស់ជម្រៅ៣០ម៉ែត្រខណ:កំពុងតែហែលទឹកលេង  ជាមួយមិត្តភក្រ័។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទី រសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅខាងក្រោយវត្តឫស្សីសាញ់ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពយុវជនរងគ្រោះមានឈ្មោះ ពៅ ម៉េង ហៀង អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅជាមួយ ម្តាយដែលជាស្ត្រីមេម៉ាយនៅបន្ទប់ ជួលភូមិ ឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

តាមការរៀបរាប់របស់ស្ត្រីដែលជាម្តាយយុវជនរងគ្រោះខាងលើបានឲ្យដឹងថា រូបគាត់ជាស្ត្រី មេម៉ាយហើយមានតែកូនប្រុសតែម្នាក់គត់។ នៅវេលាម៉ោង១១ព្រឹកមិញនេះកូនប្រុស របស់គាត់បានប្រាប់គាត់ថាម៉ែខ្ញុំសុំទៅចាក់វ៉ាក់សាំង ជាមួយនិងមិត្តភ័ក្តិរបស់ កូនគាត់ ៥នាក់ទៀត។

លុះនៅវេលាម៉ោងកើតហេតុមិត្តភក្រ័របស់កូនប្រុសរបស់គាត់ម្នាក់ដែលមកលេងទឹកជាមួយគ្នាបានជិះម៉ូតូទៅប្រាប់គាត់ថា មីងកូនមីងអាហៀងលង់ទឹកស្រះលិចបាត់ហើយ ភ្លាមៗនោះ ស្ត្រីជាម្តាយបានរូតរះមកកាន់កន្លែងកើតហេតុ ហើយបានត្រឹមតែអង្គុយទ្រហោយំនៅ មាត់ស្រះ រងចាំមើលសពកូនប្រុសរបស់គាត់អណ្តែតមកវិញ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននៃអធិការដ្ឋាននគរបាលខណ្ឌដង្កោបានទាក់ទងទៅកាន់ក្រុមជំនាញមុជទឹករាវរកសព ដើម្បីប្រគល់សពជូនម្តាយជនរងគ្រោះដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី៕

Share.