សិល្បៈជាតិ៖ ផលិតក ឆាយ បូរ៉ា បាន​បញ្ចេញស្នាដៃ​ភាពយន្ត​ថ្មី​មួយ​ទៀតហើយ​សម្រាប់​ដើមឆ្នាំ ២០២៤ ដែលជា​ប្រភេទ​ភាពយន្ត​បែប​គ្រួសារ កំប្លែង លាយ​លំ​ជាមួយ​មនោសញ្ចេតនា​ស្រក់​ទឹកភ្នែក​មាន​ចំណងជើង​ថា «អ៊ំ​ច​ន​ម៉ែ​ដោះ» ។ ភាពយន្ត​នេះដែរ ត្រូវ​បានផ្ដល់​កិត្តិយស​ជាពិសេស​ជូន​កំពូល​វិ​រ​សិល្បករ​កំប្លែង នាយ កុយ សម្ដែង​ជា​តួឯក ហើយក៏​ជា​ភាពយន្ត​ទី២ ដែល​លោក​បាន​សម្ដែង​ជា​តួ​ធំ​បែបនេះ​តាំងពី​ប្រឡូក​មកជា​ង ៤០ ឆ្នាំ។

អ្នកដឹកនាំ​រឿង «អ៊ំ​ច​ន​ម៉ែ​ដោះ» គឺ​លោក ឆាយ បូរ៉ា បាន​សម្រិតសម្រាំង​សាច់រឿង និង​សរសេរ​ខ្លឹមសារ​រឿងនេះ​ឡើង​គឺ​តម្រូវ​តែ​តួ​សម្ដែង នាយ កុយ ប៉ុណ្ណោះ លោ​កថា​សង្កត់ធ្ងន់ថា បើ​មិនបាន​តួ នាយ កុយ ចូលរួម​សម្ដែង​ទេនោះ លោក​ក៏​មិន​បើក​កាមេរ៉ា​ថត​ភាពយន្ត​នេះដែរ។

លោក ឆាយ បូរ៉ា បាន​គូសបញ្ជាក់​ពី​មូល​ហេតុអ្វី​ជំរុញ​ចិត្ត​លោក​ផលិត​រឿងនេះ​ឡើង ដោយ​លោក​បាន​ដក​ស្រស់​ចេញពី​ជីវិត​ជាងកាត់សក់​មួយរូប។ លោក​ថា អ៊ំ​ច​ន បានរស់នៅ​តែ​ខ្លួន​មួយ​អស់​រយៈពេល ៦៦ឆ្នាំ ពោលគឺ​ចាប់តាំងពី​ក្រោយពី​របប​ប៉ុលពត​មក​លោក​ពុំមាន​គ្រួសារ​អ្វី​ទាំងអស់ ប៉ុន្ដែ​ជីវិតចុងក្រោយ​របស់លោក​ប្រាថ្នា​ចង់​មានគ្រួសារ​រួមរស់​ជុំគ្នា បើទោះបីជា​មិនមែនជា​សាច់​សារ​លោហិត​ក៏ដោយ។ លោក​ស្រឡាញ់ក្មេងៗ រហូត​ដល់ផ្ទះ​របស់គាត់​ដាក់តាំង​សុទ្ធតែ​តុក្កតា និយាយ​ជាម​តុក្កតា។ រហូតដល់​ថ្ងៃ​ជួប នៃ​ក្ដីសង្ឃឹម​មួយ ដោយមាន​អ្នក​មេម៉ាយ​កូន​ប្រាំ​ម្នាក់​បានសម្រេច​ចិ​ត្ដ​ប្រកាស​រើស​ម៉ែ​ដោះ ដើម្បី​សម្រួល​ការងារ និង​មើលថែកូន។

ងាក​មក​ចាប់អារម្មណ៍​ពី​តួឯក​សំខាន់​នៅក្នុង​ភាពយន្ត​នេះ​វិញ នាយ កុយ បាន​អះអាងថា រហូតដល់​អាយុ ៧០ ផ្លា​យ​ហើយ លោក​បានទទួល​ការសម្ដែង​តួ​ធំ​តែ​ភាពយន្ត​ប៉ុណ្ណោះ ដំបូង​គឺ​រឿង «កូនភ្លោះ​ចម្លែក» និង​ចុង​ក្រោយនេះ​គឺ​រឿង «អ៊ំ​ច​ន​ម៉ែ​ដោះ» ។ លោក​ក៏បាន​ប្រាប់​ពី​ហេតុផល​ចំបង​ដែល​លោក​ទទួល​ថត​ភាពយន្ត​ឱ្យ​លោក ឆាយ បូរ៉ា ដោយ​មិន​ស្ទាក់ស្ទើរ​ផងដែរ។ នាយ​កុយ​ថា  នៅពេល​អ្នកដឹកនាំ​រឿង​យក script មក​ពិភាក្សា​ជាមួយ​លោក លោក​ថា លោក​ពេញចិត្ត តួអង្គ​អ៊ំ​ច​ន ដែល​លោក​មិន​ធ្លាប់​ជួប​សាច់រឿង​ណា​ផ្សេង​ដែល​បាន​សរសេរ​ឡើង​យ៉ាង​ល្អ​បែបនេះ​ទេ និង​សរសេរ​មក​សម្រាប់​តម្រូវ​រូបលោក​ផ្ទាល់​ថែមទៀត។

សូមជម្រាបថា ភាពយន្ត «អ៊ំ​ច​ន​ម៉ែ​ដោះ» បាន​ប្រមូលផ្ដុំ​ដោយ​តួអង្គសំខាន់ៗ និង​ល្បីឈ្មោះ​ចូលរួម​សម្ដែង​ដូចជា នាយ កុយ លោក ទេព រិ​ន​ដា​រ៉ូ អ្នកនាង ឌី សូ​នី​តា លោក សាយ កញ្ញា យូ​កា​ម៉ុ​ន​រ៉ាត់ កញ្ញា ដា​ដាវ និង​តារា​កិ​ត្ត​យស​ជាច្រើន​ដួង​ទៀត។ ភាពយន្ត​កំប្លែង​នេះ ចាក់​បញ្ចាំង​នៅ​រោងភាពយន្ត​ចាប់ពី​ថ្ងៃទី ១៨ មករា ឆ្នាំ ២០២៤ នេះ​តទៅ​គ្រប់​រោងភាពយន្ត។ សូម​ចូលរួម​គាំទ្រ​ភាពយន្ត​ខ្មែរ និង​លើកស្ទួយ​វិស័យ​ភាពយន្ត​ក្នុងប្រទេស​កម្ពុជា៕

Share.