ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ និងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមក បដិសេធចំពោះការរិះគន់ការចាប់ខ្លួនមន្រ្តីបក្សភ្លើងទៀនដែលថា មានចេតនានយោបាយនៅពីក្រោយនោះគឺជារឿងមិនពិត តែហេតុការណ៍ឃាត់ខ្លួននេះដោយសារមន្រ្តីរូបនោះមានពាក់ព័ន្ធការប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌ។
នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ និងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បន្ទាប់ពីគណបក្សភ្លើងទៀនបានចេញសេចក្តីថ្លែងការណ៍មួយ ថ្កោលទោសមកលើអាជ្ញាធរក្រុងភ្នំពេញដែលបានចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនកាលពីថ្ងៃទី១៥ ខែមករា ថាជារឿងនយោបាយ ប្រើរូបភាពគំរាមកំហែង ដើម្បីបំបាក់ស្មារតីអ្នកគាំទ្រគណបក្សភ្លើងទៀន។

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
ខ្លឹមសាររបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ និងអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងក្នុងន័យស្រដៀងគ្នាថា ការចាប់ឃាត់ខ្លួនមន្រ្តីបក្សភ្លើងទៀនលោក ខឹម ចាន់វណ្ណៈ នេះដោយសារមន្រ្តីបក្សប្រឆាំងរូបនេះ មានជាប់ពាក់ព័ន្ធករណីព្រហ្មទណ្ឌ រឿងក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយជាដើម។ អ្នកនាំពាក្យខាងលើអះអាងដោយបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរិះគន់ដូច្នេះ។

តាមការបញ្ជាក់របស់អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញបានឱ្យដឹងថា ការឈានដល់ការចាប់ឃាត់ខ្លួនមន្រ្តីបក្សភ្លើងទៀននេះ បន្ទាប់ពីសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះចំនួន ០៣នាក់ ប្ដឹងឈ្មោះ ខឹម ចាន់វណ្ណៈ ពីបទក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ របស់ពួកគេដើម្បីចុះឈ្មោះចូលបញ្ជីរាយនាមបេក្ខជនបម្រុងក្រុមប្រឹក្សា សង្កាត់ផ្សារថ្មីទី៣ របស់គណបក្សភ្លើងទៀន ដោយគ្មានការអនុញ្ញាតពីសាមីខ្លួន កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ខឹម ចាន់វណ្ណៈ ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន។
ផ្អែកតាមពាក្យបណ្តឹងនិងដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទើបសមត្ថកិច្ចឈានដល់ការចាប់ខ្លួនឈ្មោះ ខឹម ចាន់វណ្ណៈ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ បញ្ជូនទៅតុលាការតាមនីតិវិធី នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៤នេះ។
អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញអះអាងទៀតថា ការឃាត់ខ្លួននេះ គឺសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់លារគំរាមកំហែង ធ្វើទុកបុកម្នេញលើសកម្មជននយោបាយណាមួយឡើយ៕
