ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃប្រកាសចូលកាន់មុខតំណែងអគ្គនាយក រង និងប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ពិធីនេះក៏មានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក, អគ្គនាយករង, ប្រធាននាយកដ្ឋាន,  ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទជាច្រើនរូបផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក បានមានប្រសាសន៍ស្វាគមន៍ដោយបានលើកឡើងថា អគ្គនាយកដ្ឋានបាន និងកំពុងពង្រឹងប្រសិទ្ធភាពការងារដោយយកចិត្តទុកដាក់លើវិន័យ ការពង្រឹងធនធានមនុស្ស ការចាត់បញ្ជូនមន្ត្រីចូលរួមសិក្សាជំនាញទាំងក្នុង និងក្រៅប្រទេសជាដើម។ នាឱកាសនោះ ឯកឧត្តម បានជំរុញទឹកចិត្តមន្ត្រីគ្រប់ជាន់ថ្នាក់ឱ្យបន្តចូលរួមចំណែកពង្រឹង និងបំពេញការងារស្នូលប្រកបដោយទំនួលខុសត្រូវខ្ពស់ស្របតាមផែនការ និងយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃបានដាក់ចេញ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ បានបញ្ជាក់ថា កម្មវិធីថ្ងៃនេះបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំគ្រប់កម្រិតក្នុងអគ្គនាយកដ្ឋាន ដោយបានមើលឃើញពីសមត្ថភាពសមស្រប មុននឹងមានការស្នើសុំឱ្យមានការតែងតាំងនេះ។ បន្ថែមពីនេះ ឯកឧត្តម បានលើកឡើងថា ការអនុវត្តតួនាទី ភារកិច្ចរបស់អគ្គនាយកដ្ឋានត្រូវផ្សារភ្ជាប់ជាមួយគោលការណ៍ គោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ហើយការអនុវត្តការងារត្រូវមានភាពប្រទាក់ក្រឡាគ្នា ដើម្បីបង្កើនប្រសិទ្ធភាពការងារ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ណែនាំមួយចំនួនដល់ថ្នាក់ដឹកនាំដែលទើបទទួលបានតែងតាំង ដោយត្រូវមានការយល់ដឹងច្បាស់ពីតួនាទី ភារកិច្ចរបស់អគ្គនាយកដ្ឋាន ផែនការយុទ្ធសាស្ត្រ ក្របខណ្ឌនៃការណែនាំផ្ទៃក្នុង ហើយត្រូវបើកចិត្តឱ្យទូលាយ ទទួលយក និង ប្រមែប្រមូលមន្ត្រីក្រោមឱវាទដែលមានជំនាញរៀងៗខ្លួន ដើម្បីឱ្យក្លាយជាកម្លាំងរួមបំពេញកិច្ចការបម្រើឱ្យផលប្រយោជន៍រួម។

បន្ថែមពីនេះ ឯកឧត្តម ក៏បានណែនាំឱ្យមានការគ្រប់គ្រងមន្ត្រីឱ្យបានល្អ ប្រកបដោយសីលធម៌ មានវិន័យ និងវិជ្ជាជីវៈ ហើយត្រូវជំរុញឱ្យមានការបណ្ដុះបណ្ដាលមន្ត្រី ដែលជាកិច្ចការងារសំខាន់ក្នុងការអភិវឌ្ឍមូលធនមនុស្សសម្រាប់អង្គភាព។ ជាងចុងក្រោយ

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបង្ហាញក្ដីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់រូបបន្តខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ និងតម្រូវការជាក់ស្ដែង។ ជាពិសេសមន្ត្រីចំណុះត្រូវមានការទទួលខុសត្រូវផ្សេងៗគ្នាប្រកបដោយឆន្ទៈមុះមុត ត្រូវគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន បំពេញការងាររបស់ខ្លួនឱ្យបានរហ័ស ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងត្រូវបន្តការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំ៕

Share.