ភ្នំពេញ ៖ សំណង់មួយកន្លែងដែលកំពុងចាប់ផ្តើមសាងសង់ នៅតាមចិញ្ចើមផ្លូវ ហើយនៅពីក្រោមខ្សែកាបភ្លើងទៀត ខណៈដែលជាង លើកដែកទីបឡើង មិនបានមើលលើ ស្រាប់តែប៉ះទៅនឹងខ្សែកាបភ្លើង បណ្តាលឱ្យឆ្លងឆក់ធ្លាក់ កម្ពស់៣ម៉ែត្រ រងរបួសធ្ងន់ធ្ងរ រលាកខ្លួន ដៃជើង បង្កឱ្យភ្ញាក់ផ្អើល ពលរដ្ឋចេះតែឆ្ងល់ ចុះហ៊ានសាងសង់ម្ល៉េះ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ខាងកើតជាប់ការ៉ាស់សាំងPtt ក្នុងភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមាន ឈ្មោះ សុន វ៉ាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅផ្ទះជួល ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណើតនៅ ភូមិដំណាក់កន្ទួតខាងត្បូង ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។
តាមសាច់ញាតិ ជាកម្មកររួមការងារ បានឱ្យដឹងថា ពួកគាត់ម៉ៅការសំណង់ខាងលើធ្វើ ចំពោះមានច្បាប់ឬអត់ច្បាប់យ៉ាងណានោះ ពួកគាត់ក៏មិនបានដឹងដែរ ស្ថិតនៅលើម្ចាស់ទីតាំង ជួលពួកគាត់មកតម្លើងគោង ។

ប្រភពបន្តទៀតថា មុនកើតហេតុ ខណៈដែលជនរងគ្រោះ នៅខាងលើ ផ្សារដែកផ្ទោង មេដំបូល លុះជនរងគ្រោះទាញដែកទីប ឡើងទៅលើ ស្រាប់តែទៅប៉ះនឹងខ្សែកាបភ្លើង បណ្តាលឱ្យឆ្លងឆក់ ឆេះធ្លាក់ រងរបួសរលាកខ្លួន ដៃជើង សន្លប់ស្តូកស្តឹង ។

ក្រោយកើតហេតុភ្លាមៗ ក្រុមជាងដូចគ្នាលើកយកកប់ដីខ្សាច់ ហើយលើកយកទៅផ្ទះពេទ្យក្បែរនោះ តែស្ថានភាពរបួសធ្ងន់ គ្រូពេទ្យមិនហ៊ានទទួល ហើយក្រុមគ្រួសារហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។
នៅកន្លែងកើតហេតុ ពលរដ្ឋលើកឡើងថា សំណង់គ្រោងដែក សង់នៅចិញ្ចើមផ្លូវ ហើយនៅក្រោមខ្សែកាបភ្លើងទៀត ចុះខាងអាជ្ញាធរ អនុញ្ញាតិឱ្យសង់ដែរឬ ? ការសាងសង់បែបនេះ ប្រឈមគ្រោះថ្នាក់ខ្លាំងណាស់ សង្ឃឹមថាអាជ្ញាធរលោកចុះពិនិត្យឡើងវិញ ជៀសវាងគ្រោះថ្នាក់ដោយប្រការណាមួយនៅថ្ងៃក្រោយទៀត ៕

អត្ថបទ៖ តាតុងសែនជ័យ

