ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងថា យោងតាមរបាយការណ៍ប្រចាំថ្ងៃក្នុងពីរសប្ដាហ៍ចុងក្រោយ គិតពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២៤ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃបានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស សរុប ៥១ករណី និងឃាត់ខ្លួនជនសង្ស័យបាន ១២០នាក់ ចាត់ការតាមនីតិវិធីច្បាប់។

លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបន្តថា ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងធ្ងន់ បាននិងកំពុងតែធ្វើការជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន  ក្រោមការបញ្ជារផ្ទាល់ពី ស្នងការនគរបាលរាជធានីខេត្ត រហូតប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេសដោយបានដាក់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងមួយចំនួនដែលបាននាំគ្នាបង្កើតជាក្រុមនៅតាមភូមិ ឃុំ សង្កាត់ និង គ្រឹះស្ថានអប់រំរដ្ឋ ឯកជនមួយចំនួនជាដើម។

អ្នកនាំពាក្យរងរូបនេះបញ្ជាក់ទៀតថា ករណីបង្ក្រាបក្មេងទំនើង គឺជាចំណុចអាទិភាពមួយ  ដែលត្រូវដោះស្រាយនៅទូទាំងប្រទេសក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលដាក់ចេញដោយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផៃ្ទ តាមទស្សនៈអ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។

លទ្ធផលនៃចំណាត់ការពីមួយសប្តាហ៍ទៅមួយសប្តាហ៍នេះ គឺត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីតែងក្រើនរំលឹក ភ្ជាប់នឹងការកោតសរ សើរដល់កិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច អាជ្ញាធរ ប្រជាការពារ និងតួអង្គពាក់ព័ន្ធទាំងអស់ផងដែរ។ ព្រមជាមួយគ្នានោះឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានជំរុញបន្តឱ្យធ្វើការយ៉ាងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ ម្ចាស់ការតាមតួនាទីភារកិច្ច ដោយ ឆ្លើយតបឱ្យបានលឿនរហ័ស និងទាន់ពេលវេលាតបទៅនឹងបទល្មើសនានា។ ក្នុងនោះ ក៏មិនត្រូវភ្លេចអនុវត្តផែនការសកម្មភាពផ្សាព្វផ្សាយអប់រំ ទប់ស្កាត់បង្ការ គ្រប់យន្តការជាមុនផងដែរ៕

Share.