ក្រុមហ៊ុនអាកាសចរណ៍ Korean Airline បានបុកជាមួយយន្តហោះ Cathay Pacific ពេលត្រៀមហោះហើរនៅឯអាកាសយានដ្ឋាន New Chitose នៃប្រទេសជប៉ុន កាលពីថ្ងៃអង្គារ ដោយក្រុមហ៊ុនអាកាសចរណ៍ទាំង២បាននិយាយថា មិនមានអ្នករងរបួសក្នុងឧបទ្ទវហេតុនេះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Japan Times នាថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤។

ក្រុមហ៊ុនអាកាសចរណ៍របស់យន្ដហោះ Cathay Pacific បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យន្តហោះរបស់យើង កំពុងចតស្ងៀមនៅពេលនោះ ហើយមិនមានអតិថិជន ឬនាវិកនៅលើយន្តហោះនោះ នៅពេលបានបុកដោយយន្ដហោះ Korean Air A330 ដែលកំពុងត្រៀមហោះហើរនោះទេ»។

ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុន Korean Air ក៏បានបញ្ជាក់ផងដែរថា «មិនមាននរណាម្នាក់រងរបួស ក្នុងចំណោមអ្នកដំណើរ ២៧៦នាក់ និងនាវិក ១៣នាក់នៅលើយន្តហោះ Airbus A330-300 របស់ខ្លួន ដែលគ្រោងនឹងចេញដំណើរទៅកាន់អាកាសយានដ្ឋាន Incheon ទីក្រុង Seoul ពីអាកាសយានដ្ឋាន New Chitose នៅលើកោះហុកកៃដូ ភាគខាងជើងប្រទេសជប៉ុននោះទេ ហើយក្រុមហ៊ុនយើងកំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធទាំងអស់»។

ក្រុមហ៊ុនអាកាសចរណ៍ខាងលើ បាននិយាយថា «យន្តហោះរបស់ខ្លួន បុកប៉ះជាមួយយន្តហោះ Cathay Pacific នៅម៉ោង ៥:៣៥នាទីល្ងាច នៅពេលដែលរថយន្ដដឹកជញ្ជូនបានរុញយន្ដហោះរបស់ពួកយើង ឡើងលើផ្លូវ ដើម្បីហោះឡើង ប៉ុន្ដែវាបានរអិលដោយសារព្រិលនៅលើដីបណ្ដាលឱ្យស្លាបខាងធ្វេងរបស់យន្ដហោះ ខ្ទាស់ស្លាបខាងស្ដាំនៃយន្ដហោះ Cathay ដែលកំពុងចតស្ងៀម។

យ៉ាងណាម៉ិញ ក្រុមហ៊ុនអាកាសចរណ៍ទាំង២ មិនបានផ្តល់ព័ត៌មានអំពីចំនួននៃការខូចខាតបង្កឡើងដោយឧប្បត្តិហេតុខាងលើនោះទេ ប៉ុន្តែក្រុមហ៊ុនទាំង២ បាននិយាយថា «អ្នកដំណើររបស់ពួកគេចាំបាច់ត្រូវផ្ទេរទៅកាន់យន្តហោះផ្សេងទៀត»។

ជុំវិញហេតុការណ៍នេះ ក្រុមអ្នកពន្លត់អគ្គីភ័យនៅអាកាសយានដ្ឋាន កំពុងរង់ចាំជួយសង្រ្គោះ ឬត្រៀមខ្លួនបាញ់ពន្លត់អគ្គីភ័យក្រោយឧបទ្ទវហេតុនេះ ប៉ុន្តែមិនមានការលេចធ្លាយប្រេង ឬមានអគ្គីភ័យអ្វីនោះទេ នេះបើយោងតាមការផ្សាយរបស់ Hokkaido Cultural Broadcasting ។

ឧប្បត្តិហេតុនៅអាកាសយានដ្ឋាន New Chitose បានកើតឡើង ក្រោយរយៈពេល ២សប្តាហ៍ បន្ទាប់ពីមានឧបទ្ទវហេតុបុកផ្ទុះឆេះយន្ដហោះរបស់ក្រុមហ៊ុន Japan Airlines ដែលដឹកអ្នកដំណើរសរុប ៣៧៩នាក់ បុកជាមួយយន្ដហោះឆ្មាំសមុទ្រ បណ្ដាលឱ្យមានមនុស្ស ៥នាក់ស្លាប់ នៅឯអាកាសយានដ្ឋាន Haneda របស់ទីក្រុងតូក្យូ។

ក្រោយកើតមានឧបទ្ទវហេតុកាលពីថ្ងៃទី២ ខែមករា ដើមឆ្នាំ២០២៤ រដ្ឋាភិបាល​បាន​ប្រកាស​​ថា ខ្លួន​បាន​រឹត​បន្តឹង​នីតិវិធីនៃការ​គ្រប់​គ្រង​ចរាចរណ៍​ផ្លូវ​អាកាស​របស់​ខ្លួន​បន្ទាប់​ពីកើតមាន​គ្រោះ​ថ្នាក់បែប​នេះ។

សូមជម្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗដើមឆ្នាំ២០២៤នេះ កោះហុកកៃដូ បានរងការវាយប្រហារដោយភាពត្រជាក់ខ្លាំង ជាមួយនឹងការព្រមានអំពីព្រិលធ្លាក់ខ្លាំងនៅក្នុងទីក្រុងមួយចំនួន។ យោងតាមរបាយការណ៍ ជើងហោះហើរចំនួន ៤៦ជើង ត្រូវបានលុបចោលកាលពីថ្ងៃអង្គារ ដោយសារព្រិលធ្លាក់ខ្លាំង៕

ប្រភព៖ The Japan Times

Share.