ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បញ្ជាក់ថា ក្នុងសំណុំរឿងទាក់ទងបទល្មើសចរាចរណ៍បង្កដោយម្ចាស់រថយន្ត Jeep បើកបុកមនុស្សស្លាប់ និងបណ្តឹងរបស់ម្តាយជនបង្កហេតុប្តឹងទៅក្រុមគ្រួសារសព ជនរងគ្រោះ គឺតុលាការកំពុងដំណើរការចាត់ការតាមនីតិវិធីដំណាលគ្នា ពោលគឺពុំមែនចាត់ការបណ្តឹងរបស់ម្តាយ ជនបង្កហេតុមុន ទុកសំណុំរឿងបទល្មើសចរាចរណ៍ដោះស្រាយក្រោយនោះឡើយ។

ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។
ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌មកកាន់សារព័ត៌មានត្រយងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ បន្ទាប់មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមនិងសារព័ត៌មានមួយចំនួនបានសម្តែងការហួសចិត្ត ដ្បិតក្រុមគ្រួសារ សពជនរងគ្រោះដែលត្រូវម្ចាស់រថយន្ត Jeep បុកស្លាប់សមាជិកគ្រួសារហើយ បែរត្រូវក្លាយជាជនសង្ស័យវិញក្រោយរងបណ្តឹងពីម្តាយជនបង្កហេតុប្តឹងពីករណីបរិហារកេរ្តិ៍។
យ៉ាងណាបើតាមការឱ្យដឹងពីឯកឧត្តម ជិន ម៉ាលីន ម្តាយជនបង្កហេតុមានសិទ្ធិប្តឹងទៅក្រុមគ្រួសារជនរងគ្រោះបាន ដើម្បីការពារសេចក្តីថ្លៃថ្នូរ ករណីបើសិនជាយល់ថាខ្លួនរងការរំលោភបំពានសិទ្ធិនោះ។ ដោយឡែកសម្រាប់ការកាត់សេចក្តីយ៉ាងណានោះ អ្នកនាំពាក្យថា អាស្រ័យលើការសម្រេចរបស់តុលាការដោយផ្អែកអង្គហេតុ អង្គច្បាប់ ភស្តុតាង និងសក្ខីកម្មដែលមានជាធរមាន។
ទាក់ទិនក្នុងរឿងនេះ សមាជិកក្រុមគ្រួសារជនរងគ្រោះពុំទាន់ឆ្លើយតបនឹងសំនួររបស់អ្នកសារព័ត៌មានត្រយងតាមហ្វេសប៊ុកនៅឡើយទេនៅថ្ងៃនេះ។
តែយ៉ាងណា បើតាមទំព័រហ្វេសប៊ុកមានគណនី Juppy ដែលត្រូវបានដឹងថា ជាភរិយារបស់ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយម្ចាស់រថយន្ត Jeep នោះ បានសរសេរសាររៀបរាប់ពីទុក្ខសោកនិងការហួសចិត្ត អបដោយដីកាកោះហៅខ្លួននិងសាច់ថ្លៃផង ករណីម្តាយជនបង្កហេតុប្តឹងពាក់ព័ន្ធបទបរិហារកេរ្តិ៍។
ភរិយារបស់សពជនរងគ្រោះបានសរសេរបើកក្បាលថា ពី“ជនរងគ្រោះ” ក្លាយទៅជា “ជនសង្ស័យ”។ គណនីខាងលើបន្តថា ក្នុងសំណេរដើមយ៉ាងដូច្នេះថា«ឃើញដីការកោះហៅ ខ្ញុំហួសចិត្តមិនដឹងនិយាយយ៉ាងណាឱ្យសម! ជនបង្កប្តឹងគ្រួសារជនរងគ្រោះដែលព្យាយាមស្ងប់ស្ងាត់ចាំការកោះហៅក្នុងការចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់? ហេតុអ្វីមិនដោះស្រាយរឿងបុកប្តីខ្ញុំស្លាប់ ដើម្បីឱ្យខ្ញុំ និងកូនព្រមទាំងគ្រួសារសាច់ញាតិបានស្ងប់ចិត្ត បែរជាមកប្តឹងខ្ញុំជាប្រពន្ធ ព្រមទាំងឪពុកធំរបស់ប្តីខ្ញុំ និងប្អូនថ្លៃខ្ញុំ ២នាក់ទៀត ដែលជាប្អូនស្រីបង្កើតរបស់ប្តីខ្ញុំ? ក្រុមគ្រួសារយើងបានសំងំស្ងប់ រង់ចាំការដោះស្រាយតាមផ្លូវតុលាការ និងរង់ចាំមើលឆន្ទៈរបស់អ្នក តែអ្នកបែរជាធ្វើបែបនេះ? »។

គណនីហ្វេសប៊ុករបស់ភរិយាជនរងគ្រោះ។
សូមបញ្ជាក់ថា តាមដីកាកោះចេញដោយព្រះរាជអាជ្ញារងតុលាការរាជធានីភ្នំពេញបានកោះហៅជនសង្ស័យដែលភរិយានិងសាច់ញាតិជនរងគ្រោះចំនួន ៤ នាក់ឱ្យចូលខ្លួនដើម្បីសាកសួរបំភ្លឺនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ តាមបណ្តឹងរបស់ ឈ្មោះ សុខ លីណា ដែលត្រូវដឹងថាជាម្តាយជនបង្កហេតុ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ បទបរិហារកេរ្តិ៍តាមសារព័ត៌មាន និងជេរប្រមាថជាសាធារណៈ។
សូមជម្រាបជូនថា រឿងរ៉ាវទាក់ទងនឹងម្ចាស់រថយន្ត Jeep បើកបុកបុរសម្នាក់ស្លាប់នៅខ័ណ្ឌទួលគោកហើយរត់គេចខ្លួននិងក្រោយមកបានចូលខ្លួនវិញនោះ បានបង្កការភ្ញាក់ផ្អើលដល់អ្នកប្រើបណ្តាញសង្គមយ៉ាងខ្លាំង បន្ទាប់ពីករណីនេះមានថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធមួយចំនួនលូកដៃអន្តរាគម ខណៈមានដំណឹងលេចលឺថា មានការគំរាមក្រុមគ្រួសារជនរងគ្រោះមិនឲ្យដាក់ពាក្យប្តឹង ជាថ្នូរជាមួយលុយ ១០០០ដុល្លារដើម្បីបញ្ចប់រឿង។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឲ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យស្រាវជ្រាវ និងធ្វើការដោះស្រាយឲ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់៕
