ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ពិចារណាពង្រីក ទុនវិនិយោគបន្ថែមទៀតលើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានា។ ការស្នើនេះ កើតឡើងគ្រាដែលឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤នេះ។នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងធនធានទឹក។

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ។

ក្នុងឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងធនធានទឹកបានគូសបញ្ជាក់ថា កម្ពុជាបាននិងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសុវត្ថិភាពទឹក ព្រមទាំងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននិងកាត់បន្ថយភាពក្រីក្រ។

រដ្ឋមន្រ្តីក្រសួងធនធានទឹកបានលើកឡើងពីការចូលរួមចំណែករបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្នុងការធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ជាមួយនឹងការធ្វើទំនើបកម្មវិស្វកម្មវិស័យហេដ្ឋារចនាសម្ព័ន្ធទឹកទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដីផងដែរ។

នាឱកាសនោះ តំណាងប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី លោក Scott Morris អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ីទទួលបន្ទុកតំបន់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានគូសបញ្ជាក់ពីការបន្តជួយដល់វិស័យធនធានទឹក ពោលគឺការរួមចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធធារាសាស្រ្ត ការគ្រប់គ្រងទឹកជំនន់និងគ្រោះរាំងស្ងួត ការគ្រប់គ្រងធនធានទឹកចម្រុះសម្រាប់អាងទន្លេ និងការពង្រឹងស្ថាប័នជាដើម។

លោក Scott Morris អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ីទទួលបន្ទុកតំបន់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ។

សូមជម្រាបថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានធ្វើការវិនិយោគជាបន្តបន្ទាប់ តាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ចាប់ពីខ្នាតមធ្យមដល់ខ្នាតធំ ក្នុងនោះរួមមាន គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម(TAIP) និងគម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកប ដោយភាតរបរិស្ថាន(CFAVC)។

ជាការកត់សម្គាល់ ការស្នើរបស់កម្ពុជាទៅកាន់ADBនេះ ស្របពេលដែលបច្ចុប្បន្ននេះ នៅប្រភពទឹកមួយចំនួនតាមបណ្តាខេត្តកំពុងប្រឈមបញ្ហាខ្វះខាតទឹកស្រោចស្រពរហូតអាជ្ញាធរប្រកាសឱ្យប្រជាកសិករផ្អាកធ្វើស្រែប្រាំងលើក ទី២។ ខេត្តដែលត្រូវបានអាជ្ញាធរប្រកាសឱ្យផ្អាកធ្វើស្រែប្រាំងលើកទី២ មានខេត្តពោធិ៍សាត់ ស្វាយរៀង កំពង់ឆ្នាំង និងខេត្តតាកែវ ជាដើម។

ទិដ្ឋភាពកសិករស្វែងរកប្រភពទឹកបូមដាក់ស្រែងប្រាំងរបស់ខ្លួន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានអនុម័តផ្តល់ជំនួយបច្ចេក ទេសចំនួន ៤,៨លានដុល្លារ លើគម្រោងជំរុញការអភិវឌ្ឍជនបទធន់នឹងអាកាសធាតុ និងសន្តិសុខស្បៀង ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជំនួយបច្ចេកទេសនេះនឹងគាំទ្រដល់ការរៀបចំគម្រោង ការអនុវត្តគម្រោង ការកសាងសមត្ថភាព និងការណែនាំអំពីគោលនយោបាយចំពោះគម្រោង ឬកម្មវិធីមួយចំនួន រួមទាំងការធ្វើបច្ចុប្បន្នភាពការវាយតម្លៃធនធានទឹកកម្ពុជា និងផែនទីបង្ហាញផ្លូវវិនិយោគ៕

Share.