ភ្នំពេញ ៖ រថយន្តឃ្លុបមួយគ្រឿងបើកបោះពួយល្បឿនលឿន ជ្រុលទៅបុកលោកយាយម្នាក់កំពុងដើរឆ្លងផ្លូវទៅ សុំសិលនៅវត្ត បណ្តាលឱ្យបែកធ្លាយពោះស្លាប់ភ្លាមៗនៅកន្លែងយ៉ាងអាណោចអធ័ម កាលពីវេលាម៉ោង៦និង ១៥នាទីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ មុខវត្តទឹកថ្លា ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះស្លាប់នៅកន្លែងមាន ឈ្មោះ វង់ សាវឿន ភេទស្រី អាយុ៧៥ឆ្នាំ មានទីលំនៅ ក្នុងភូមិទេកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ក្បែរនឹងកន្លែងកើតហេតុដែរ ។
បើតាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា មុនកើតហេតុ លោកយាយរងគ្រោះគាត់ដើរទៅសុំសិលនៅវត្តទឹកថ្លា ដោយឆ្លងផ្លូវជាតិលេខ៣ ពីលិចទៅកើត មិនទាន់ផុតផង ស្រាប់តែរថយន្តបង្កម៉ាកJAC ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BV-9183 ឃ្លុបដឹកទំនិញ បើកបរល្បឿនលឿន ពីជើងទៅត្បូង ជ្រុលទៅបុកលោកយាយ ជាប់អូសច្រើនម៉ែត្រ បណ្តាលឱ្យធ្លាយបែកពោះ ស្លាប់ភ្លាមៗនៅកន្លែង រីឯអ្នកបើកបររថយន្ត លោតចុះរត់គេចខ្លួនទៅបាត់ សល់តែព្រូរថយន្តម្នាក់ សមត្ថកិច្ចឃាត់សួរនាំ ។

សពជនរងគ្រោះក្រោយកើតហេតុ ត្រូវបានសមត្ថកិច្ច ចុះទៅធ្វើការពិនិត្យស្លាកស្នាមរួច ប្រគល់ជូនកហរុមគ្រួសារ កូនចៅ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តបង្ក និងព្រូរថយន្តម្នាក់ ប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ យកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

អត្ថបទ៖ តាតុងសែនជ័យ

