ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ខ្លួនបានរកឃើញយន្តហោះរបស់កងទ័ពអាកាសចិនចំនួន ១៨គ្រឿងដែលកំពុងប្រតិបត្តិការជុំវិញកោះតៃវ៉ាន់ និងអនុវត្តការល្បាតត្រៀមប្រយុទ្ធរួមគ្នា ជាមួយនាវាចម្បាំងរបស់ចិន កាលពីថ្ងៃពុធ ដែលនេះជាសកម្មភាពយោធាទ្រង់ទ្រាយធំដំបូងគេ បន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់តៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤។

ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ តែងតែបញ្ជូនយន្តហោះចម្បាំង និងនាវាចម្បាំងទៅកាន់ផ្ទៃមេឃ និងទឹកជុំវិញកោះនេះ ក្នុងការព្យាយាមអះអាងទាមទារអធិបតេយ្យភាពរបស់ខ្លួនដែលរដ្ឋាភិបាលតៃប៉ិបដិសេធ។

តៃវ៉ាន់​បាន​បោះឆ្នោត​ជ្រើសរើស​លោក Lai Ching-te មកពី​គណបក្ស​វឌ្ឍនភាពប្រជាធិបតេយ្យ​ (DPP) ដែល​កំពុង​កាន់អំណាច​ជា ​ប្រធានាធិបតី​បន្ទាប់​របស់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ ខណៈទីក្រុង​ប៉េកាំង​ បាន​រិះគន់​ម្តង​ហើយ​ម្តងទៀត​ថា​ជា​អ្នក​បំបែក​ខ្លួន​ដ៏​គ្រោះថ្នាក់ និង​ជា​អ្នក​បង្កសង្រ្គាម។

ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយថា ចាប់ពីម៉ោងប្រហែល ៧:៥០នាទីយប់ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃពុធ ខ្លួនបានរកឃើញយន្តហោះចំនួន ១៨គ្រឿង រួមទាំងយន្តហោះចម្បាំង Su-30 ដែលកំពុងប្រតិបត្តិការនៅក្នុងដែនទឹកភាគខាងជើង និងកណ្តាល រួមទាំងភាគនិរតីរបស់កោះតៃវ៉ាន់។

ក្រសួងបានបន្ថែមថា យន្តហោះចំនួន ១១គ្រឿងបានហោះពីលើខ្សែបន្ទាត់កណ្ដាលរបស់ច្រកសមុទ្រតៃវ៉ាន់ ឬតំបន់ដែលនៅជិតនោះ ដោយធ្វើការជាមួយនាវាចម្បាំងចិន ដើម្បីអនុវត្តការល្បាតត្រៀមប្រយុទ្ធរួមគ្នា។

ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ ធ្លាប់ធ្វើជារបាំងមិនផ្លូវការរវាងភាគីទាំង២ ប៉ុន្តែឥឡូវនេះយន្តហោះរបស់ចិន តែងតែហោះហើរពីលើវាជាញឹកញាប់ ខណៈប្រទេស​ចិន​និយាយ​ថា​ ខ្លួន​មិន​ទទួល​ស្គាល់​អត្ថិភាព​របស់​ខ្សែ​នេះ​ទេ ដោយក្រសួងការពារជាតិបាននិយាយថា តៃវ៉ាន់បានបញ្ជូនកងកម្លាំងរបស់ខ្លួនទៅត្រួតពិនិត្យនៅទីនោះ៕

ប្រភព៖ CNA

Share.