ភ្នំពេញ៖ ដោយសង្កេតឃើញពីបាតុភាពមិនសមរម្យកើតចេញពីក្រុមអ្នករកស៊ីដឹកភ្ញៀវទេសចរ និងក្រុមអ្នកលក់ដូរវត្ថុអនុស្សាវរីយ៍និងឥវ៉ាន់ចល័តផ្សេងៗនៅតំបន់អង្គរ កាន់តែបង្កភាពគ្មានសណ្តាប់ធ្នាប់នោះ អាជ្ញាធរជាតិអប្សរាបានអំពាវនាវឱ្យក្រុមអ្នកប្រកបរបររកស៊ីខាងលើចូលរួមគោរពតាមការណែនាំរបស់មន្រ្តីផ្នែកសណ្តាប់ធ្នាប់ ដើម្បីរក្សាសេចក្តីថ្លៃថ្នូរ ជៀសវាងភ្ញៀវមិនសប្បាយចិត្តពេលមកលេងអង្គរ។ នេះបើតាមការបញ្ជាក់លើទំព័រហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ម្សិលមិញ។

រូបភាពក្រុមអ្នកបើកតុកតុកនិងកង់បីនៅមុខប្រាសាទអង្គរកំពុងចាប់ភ្ញៀវទេសចរណ៍ដែលមន្រ្តីសណ្តាប់ធ្នាប់យល់ថាធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់។

ទាក់ទងរឿងនេះអនុប្រធានក្រុមសណ្ដាប់ធ្នាប់ប្រចាំតំបន់អង្គរ កញ្ញា នៅ ចិន្តា បានឱ្យដឹងថា បច្ចុប្បន្នមានអ្នកបើក បររថយន្ត និងរ៉ឺម៉កដឹកភ្ញៀវទេសចរមួយចំនួនតូច មិនព្រមសហការជាមួយអាជ្ញាធរក្នុងការជួយរក្សាសណ្ដាប់ ធ្នាប់ សារធារណៈនៅឡើយទេ។ កញ្ញាថា ក្រុមអ្នកបើករ៉ឺម៉កខ្លះ នៅតែចតរ៉ឺម៉កនៅលើចិញ្ចើមផ្លូវដែលជាកន្លែងហាមឃាត់ ដើម្បីចាំទទួលយកភ្ញៀវដែលចេញពីទស្សនាអង្គរ និងមួយចំនួនទៀត បានចតរថយន្តឬរ៉ឺម៉កនៅចំផ្លូវចេញ-ចូលរំខានដល់គេឯងជាដើម។

ការលើកឡើងរបស់អនុប្រធានក្រុមសណ្ដាប់ធ្នាប់ប្រចាំតំបន់អង្គរនេះ ដ្បិតពេលបច្ចុប្បន្ន អ្នកបើករថយន្តគ្រប់ធុន និងរ៉ឺម៉កដឹកភ្ញៀវទេសចរខ្លះ មិនព្រមចូលទៅចតយានយន្តតាមការណែនាំរបស់ភ្នាក់ងារសណ្តាប់ធ្នាប់នោះឡើយ បែរទៅចតនៅតាមចិញ្ចើមផ្លូវដើម្បីចាំទទួលភ្ញៀវនិងចតខុសកន្លែងជាដើម។

អនុប្រធានក្រុមសណ្ដាប់ធ្នាប់ប្រចាំតំបន់អង្គរ កញ្ញា នៅ ចិន្តា ។

សម្រាប់មន្រ្តីរក្សាសណ្ដាប់ធ្នាប់ប្រចាំតំបន់អង្គរខាងលើ ចាត់ទុកបញ្ហានេះ មិនត្រឹមតែធ្វើឱ្យមានគំរូអាក្រក់ប៉ុណ្ណោះទេ ក៏ប៉ុន្តែបានធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ គ្មានរបៀបរៀបរយ ព្រមទាំងបង្កឱ្យមានភាពកកស្ទះចរា ចរណ៍នៅតាមដងផ្លូវ នឹងអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។​

កញ្ញា នៅ ចិន្តា បន្ថែមទៀតថា បញ្ហាមួយចំនួនទៀត គឺមានអ្នកលក់អីវ៉ាន់នៅក្នុងចំណតរថយន្តខ្លះតែងតែទៅ ចោមរោមភ្ញៀវ និងបង្ខំឱ្យទិញសម្ភាររបស់ខ្លួន ប៉ុន្តែនៅពេលដែលភ្ញៀវមិនទិញគឺបានប្រើពាក្យសម្តីមិនសមរម្យដាក់ភ្ញៀវថែមទៀតផង។ បញ្ហានេះ គឺជាទង្វើគ្មានសុជីវធម៌ដែលធ្វើឱ្យអ្នកទេសចរជាតិ និងអន្តរជាតិមិនសប្បាយចិត្ត។

ចំពោះមុខបញ្ហានេះអាជ្ញាធរជាតិអប្សរា អំពាវនាវដល់ក្រុមអ្នកបើកបររយានយន្ត ឬរ៉ឺម៉កដឹកភ្ញៀវទេសចរទាំងឡាយដែលមិនទាន់បានគោរពតាមគោលការណ៍ណែនាំ គឺត្រូវសហការជាមួយបុគ្គលិកដែលប្រចាំការនៅទីនោះ ធ្វើយ៉ាង ណាចតយានយន្តនៅក្នុងចំណតឱ្យបានត្រឹមត្រូវនិងមានរបៀបរៀបរយ។

ការជំរុញរបស់មន្រ្តីរក្សាសណ្ដាប់ធ្នាប់ប្រចាំតំបន់អង្គរនេះ ក៏ដើម្បីរួមគ្នារក្សាសណ្ដាប់ធ្នាប់សាធារណៈឱ្យបានប្រសើរ ជួយលើកតម្លៃនៃជនជាតិខ្មែរ ព្រមទាំងអង្គររបស់ខ្មែរឱ្យបានស័ក្ដិសមសម្បត្តិបេតិកភណ្ឌ ដែលល្បីល្បាញបំផុតនៅក្នុងពិភពលោកនេះផង។ ស្របពេលគ្នានេះ អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរជាតិទាំងអស់ ដែលបាននាំគ្រួសារមកលេងអង្គរ មាននំចំណីអាហារយកមកទទួលទាននៅតាមតំបន់ឧទ្យានអង្គរ សូមជួយរក្សាបរិស្ថានឱ្យបានស្អាត ដោយកុំបោះសំរាម ឬក៏ថង់ប្លាស្ទិកចោលរាយប៉ាយនៅតាមទីសាធារណៈ និងឧទ្យានអង្គរ៕

Share.