កណ្តាល ៖ អគារោងចក្របោកគក់ យុីហោ យីដា ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យភ្ញាក់ផ្អើល កម្មករ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញទៅអន្តរាគមន៍ ។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៦និង៥៥នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ១ ក្នុងភូមិឫស្សី ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

រោងចក្រខាងលើ ជារោងចក្រកាត់ដេរខោខូវបយ និងបោកគក់ ហើយអគារដែលរងនូវអគ្គិភ័យឆាបឆេះ ជាអគាបោកគក់ សង់ពីគ្រោងដែក ជញ្ជាំងបេតុង ប្រក់ស័ង្កសី ទំហំ៤០ម៉ែត្រx១២០ម៉ែត្រ ត្រូវបានភ្លើងឆេះអស់ខាងក្នុងទាំងស្រុង ។

ហេតុការណ៍កើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចមូលដ្ឋាន កម្លាំងស្នងការខេត្តកណ្តាល រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿង ចេញទៅតាមបណ្តាអង្គភាព មានរថយន្តរបស់អង្គភាព៧១១ កងពលតូចលេខ៧០ រថយន្តស្នងការខេត្តកណ្តាល រថយន្តរបស់អធិការដ្ឋានស្រុកកៀនស្វាយ រថយន្តស្នងការក្រុងភ្នំពេញ និងរថយន្តផ្សេងៗទៀត ចេញទៅអន្តរាគមន៍ ។
គ្រោះអគ្គិភ័យខាងលើ បង្កឱ្យស្ត្រីម្នាក់បានបាត់ជីវិត ក្នុងភ្នក់ភ្លើង ហើយសមត្ថកិច្ចកំពុងធ្វើការពិនិត្យកោសល្យវិច័យ មិនទាន់ដឹងថាជាកម្មការនី ជនជាតិខ្មែរ ឬជាជនជាតិចិន។

ចំពោះមូលហេតុ សង្ស័យបច្ចេកទេស ផ្ទុះឡចំហាយទឹក ឬទុស្សេចរន្តភ្លើង មិនទាន់ដឹងនៅឡើយទេ តែសម្ភារៈ គ្រឿងបំពាក់ អុីវ៉ាន់ ក្នុងអគារខាងលើត្រូវបានភ្លើងឆេះអស់ទាំងស្រុង ។ គិតមកដល់វេលាម៉ោង១០និង២០នាទី ព្រឹកថ្ងៃដដែលនេះ ភ្លើងមិនទាន់រលត់ទាំងស្រុងនៅឡើយទេ៕


អត្ថបទ៖ តាតុងសែនជ័យ

