សិល្បៈជាតិ៖ បទចម្រៀងថ្មីរបស់ នេនទុំ «បើកទំព័រសាស្ត្រា» បានចេញមួយរយៈមកហើយ ហើយបទនេះក៏ទទួលបានការនិយមចូលចិត្តនិងសរសើរច្រើនពីសំណាក់អ្នកគាំទ្រផងដែរ។ ប៉ុន្តែមានអ្នកណាទៅដឹងថាទម្រាំនឹងបទចម្រៀងដ៏ពីរោះ និងប្រកបដោយអត្ថន័យរបស់ នេនទុំ មួយនេះ អាចចេញជារូបរាង ត្រូវឆ្លងកាត់ការអស់សង្ឃឹម និងបាក់ទឹកចិត្តដល់កម្រិតណា?


ក្រោយចេញ Audio បទចម្រៀងថ្មីរបស់ខ្លួននៅលើបណ្ដាញសង្គម នេនទុំ បានខិតខំស្វះស្វែងរកស្ពន់សឺដើម្បីផលិតវីដេអូបទចម្រៀងមួយនេះឱ្យចេញជារូបរាង តែគួរឱ្យសោកស្ដាយដែលក្រុមហ៊ុនជាច្រើនបានបដិសេធមិនផ្ដល់ការឧបត្ថម្ភ ដោយក្រុមហ៊ុនខ្លះបានបោះសម្ដីថា បទចម្រៀងរបស់លោកមួយនេះគ្មានគុណភាព។ សម្ដីចាក់ដោតទាំងអស់នេះបានធ្វើឱ្យលោកមានអារម្មណ៍អស់សង្ឃឹមនិងធ្លាក់ទឹកចិត្តជាខ្លាំង ព្រោះតាំងពីលោកប្រឡូកចូលក្នុងវិស័យសិល្បៈមកដល់បច្ចុប្បន្នមានរយៈពេលមិនតិចជាង២០ឆ្នាំនោះឡើយ តែស្នាដៃរបស់លោកនៅតែត្រូវបានគេរើសអើងដដែល។
យ៉ាងណាមិញ បទចម្រៀងដែលជាកម្លាំងញើសឈាម លោកខំផលិតនេះ មិនអសារបង់នោះទេ ព្រោះមានអ្នកជំនួញចិត្តធម៌ លូកដៃចូលមកជួយ។ គេអាចដឹងបានអ្នកដែលបោះដៃជួយឱ្យបទចម្រៀងរបស់ នេនទុំ លេចចេញជារូបរាងនោះគឺជាម៉ាដាម ដា អ្នកជំនួញអនឡាញដ៏មានប្រជាប្រិយ ហើយក៏ជាបុគ្គលដ៏មានឥទ្ធិពលមួយរូបក្នុងបណ្ដាញសង្គម តាមរយៈ ការចូលមកស៊ែរ Caption របស់ ម៉ាដាម ដា ពីសំណាក់ នេនទុំ ដោយម៉ាដាម ដា បានសរសេរថា៖ ជោគជ័យជាមួយអ្វីដែលបងស្រលាញ់ បងប្រុសនេនទុំ។



ភ្ជាប់ជាមួយការចែករំលែកនេះ នេនទុំ បានបង្ហាញពីក្ដីរំភើបរីករាយរបស់ខ្លួនថា៖ «កិត្តយសនិងសេចក្តីរំភើបខ្លាំងណាស់សំរាប់រូបបង ប្អូនស្រី MADAM DAប្អូនជួយជ្រោមជ្រែង ផ្តល់ក្តីសម្ឃឹមថ្មី ដល់ការផលិតបទ ( បើកទំព័រសាស្រា្ត ) ក៏អរគុណបងប្អូនទាំងអស់គ្នាដែល ស្រឡាញ់ និង លើកទឹកចិត្តដល់រូបខ្ញុំ ពេលនេះបទរបស់ខ្ញុំមានសង្ឃឹមហើយ»។
ជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយឡើយ ដែលស្ត្រីជាអ្នកជំនួញអនឡាញដ៏លេចធ្លោរូបនេះ បានចេញមុខជួយឈឺឆ្អាល និងដោះស្រាយបញ្ហាសម្រាប់អ្នកដែលកំពុងជួបប្រទះនឹងឧបសគ្គផ្សេង។ ម៉ាដាម ដា មិនមែនជួយតែមនុស្សនៅក្នុងរង្វង់សិល្បៈដូចជា នេនទុំ នោះឡើយ តែកន្លងៗមក ម៉ាដាម បានស្ម័គ្រចិត្តចំណាយធនធានផ្ទាល់ខ្លួន ជួយកិច្ចការងារសង្គម និងការងារសប្បុរសធម៌ដូចជា ជួយដល់ជនទុរគត កុមារកំព្រា និងមន្ទីរពេទ្យជាដើម ដូចជាកាលពីពេលថ្មីៗនេះ ម៉ាដាមដា បានដឹកនាំក្រុមការងារ ចុះផ្ទាល់ ទៅចែកអំណោយដល់សិស្សានុសិស្ស និង មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ផងដែរ៕

